តាមពិតចឹងសោះ! ចន ស៊ីណា អ្នកកីឡាកាសឆ្នើមបង្ហើបថា មានរឿងមួយមិនដែលភ្លេចធ្វើនោះទេមុនពេលឡើងប្រកួតនៅលើកម្មវិធី WWE
បុគ្គលជោគជ័យ November 14, 2019 Chan Sreyny

ក្នុងនាមជាតារាឆ្នើមម្នាក់នៅក្នុងពិភពចំបាប់ដែលយើងគ្រប់គ្នាស្គាល់ថាកីឡាកាស តម្រូវឲ្យកីឡាករ ចន ស៊ីណា រក្សារាងឲ្យបានស្អាតជាមួយនឹងរបបអាហារដ៏ធុញទ្រាន់ពេញមួយឆ្នាំ។ ជាធម្មតាគាត់ទទួលទានទឹកដោះគោ ៤ កែវជាមួយម្សៅប្រូតេអ៉ីនជំនួសអាហារ ៤ ពេលសម្រាប់អាហារពេលព្រឹក។ ដូច្នេះតើគាត់អាចមានកម្លាំងក្នុងការប្រកួតដើម្បីទទួលបានជ័យជំនះ ដោយរបៀបណា?

យ៉ាងណាមិញនៅលើកម្មវិធី “ Kelly Clarkson Show ” នៅលើទូរទស្សន៍ NBC ជើងឯកពិភពលោក ១៦ សម័យ និងជាអ្នកកីឡាកាសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុង WWE បានបង្ហើបថា គាត់មានទម្លាប់ម្យ៉ាង ឬ អាចនិយាយបានថាជាអបិយជំនឿមួយដែលគាត់តែងតែធ្វើមុនពេលឡើងសំដែងនៅលើសង្វៀន WWE។ ជាមួយទម្លាប់ដែលមិនអាចខ្វះបាននោះគឺ ជាធម្មតាមុនពេលឡើងប្រកួតនៅលើការផ្សាយផ្ទាល់កម្មវិធី ២០នាទី គាត់តែងតែទទួលទានស្ករគ្រាប់ Tic Tacs រហូតដល់ ៣ ប្រអប់។

ចំពោះការទទួលទាននេះ ចន ស៊ីណា បានពន្យល់ថាស្ករគ្រាប់ ៣ ប្រអប់នេះ គឺស្មើនឹងជាតិស្ករ ១០០០០ កាឡូរី ជាពិសេសស្ករប្រភេទនេះត្រូវបានផលិតជាមួយជាតិអាល់កុល និងស្ករមិនមែនជាតិស្ករសុទ្ធនោះទេ ដែលអាចជំនួយដល់ការបញ្ចេញកម្លាំង និង ថាមពលក្នុងការសម្ដែងរបស់គាត់។ ដូច្នេះហើយទើបស្ករគ្រាប់ជារបស់ចាំបាច់មួយសម្រាប់គាត់ដែលមិនអាចខ្វះបានគ្រប់ពេលឡើងប្រកួត និងជាផ្នែកមួយដែលធ្វើឲ្យគាត់ជោគជ័យផងដែរ៕

អត្ថបទ៖ លីនី