ពូជស្រូវ ST24 របស់ប្រទេសវៀតណាមត្រូវបានគេទទួលស្គាល់ថាជាអង្ករល្អបំផុតរបស់ពិភពលោកនៅឆ្នាំនេះ ដោយបានឈរនៅលើគេនៅក្នុងការប្រកួតអង្ករល្អបំផុតប្រចាំឆ្នាំ ២០១៩ ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១១-១៣ ខែវិច្ឆិកានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដោយអ្នកវិភាគឧស្សាហកម្មស្រូវអង្ករ The Rice Trader។
គណៈកម្មាធិការនៅក្នុងការប្រកួតប្រជែងនេះរួមមានអ្នកជំនាញខាងចំណីអាហារអន្តរជាតិ អ្នកប្រឹក្សាយោបល់ខាងធ្វើម្ហូប និងមេចុងភៅល្បីឈ្មោះជាច្រើន ដោយធ្វើការវិនិច្ឆ័យទៅលើលក្ខណៈបួនយ៉ាងគឺ ក្លិនក្រអូប រសជាតិ ភាពស្អិតរមួត និងរូបរាង។ ជាមួយគ្នានេះចៅក្រមបានភ្លក់រសជាតិអង្ករ ហើយផ្តល់ពិន្ទុដោយមិនបានដឹងជាមុននោះទេអំពីប្រភពដើម ឬ ប្រភេទរបស់ពួកគេ។ ជាក់ស្ដែងនៅក្នុងការប្រកួតប្រជែងឆ្នាំនេះអង្ករវៀតណាមទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេបន្ទាប់មកគឺពូជស្រូវរបស់ប្រទេសថៃ។
ពូជស្រូវ ST24 ត្រូវបានបង្កើតឡើងដោយវិស្វករកសិកម្ម Ho Quang Cua ដែលជាអតីតអនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Soc Trang ជាមួយនឹងក្រុមរបស់គាត់។ ដោយពូជស្រូវនេះត្រូវបានមើលឃើញថាជាសក្ដានុពលមួយដែលអាចផ្តល់ទិន្នផលជាងប្រាំតោនក្នុងមួយហិកតាហើយមានក្លិនឈ្ងុយដូចជាផ្លែម្នាស់របស់ខេត្តនៅតំបន់ដីសណ្ដរទន្លេមេគង្គ គឺខេត្ត Soc Trang ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតអង្ករល្អបំផុតរបស់ប្រទេសវៀតណាមដែលបានធ្វើឡើងកាលពីដើមខែវិច្ឆិកាថ្មីៗនេះ។

គួរបញ្ចាក់ផងដែរថាការប្រកួតប្រជែងនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី ១១ ហើយ ដោយការប្រកួតអង្ករល្អបំផុតនៅលើពិភពលោកបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៩ នៅទីក្រុងសេប៊ូនៃប្រទេសហ្វីលីពីន និងបានផ្លាស់ប្តូរបណ្តាប្រទេសដែលដាំដុះស្រូវជាដំណាំកណ្តាល។ ជាមួយគ្នានេះ អ្នកឈ្នះនៃការប្រកួតកន្លងមករួមមាន៖
អ្នកឈ្នះអង្ករល្អជាងគេប្រចាំឆ្នាំ ២០១៨៖ ផ្កាម្លិះកម្ពុជា។
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០១៧៖ ថៃហូមម៉ាលី។
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០១៦ នៅលើពិភពលោក៖ ថៃហូមម៉ាលី។
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០១៥៖ សហរដ្ឋអាមេរិកខារ៉ូស។
អ្នកឈ្នះរង្វាន់អង្ករល្អបំផុតប្រចាំឆ្នាំ ២០១៤: ថៃហូមម៉ាលី និងផ្កាម្លិះកម្ពុជា។
អ្នកឈ្នះរង្វាន់អង្ករឆ្នើមប្រចាំឆ្នាំ ២០១៣ របស់ពិភពលោក៖ ផ្កាម្លិះកម្ពុជា និងកាលីហ្វ័រញ៉ាខារ៉ូសសហរដ្ឋអាមេរិក
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០១២: ផ្កាម្លិះកម្ពុជា
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០១១៖ អង្ករផាវសុន – មីយ៉ាន់ម៉ា
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០១០: អង្ករផ្កាម្លិះថៃ
អ្នកឈ្នះអង្ករល្អបំផុតប្រចាំឆ្នាំ ២០០៩: អង្ករផ្កាម្លិះថៃ៕

អត្ថបទ៖ លីនី


