ទំនើបណាស់! ប្រទេសសិង្ហបុរីដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខក្នុងសណ្ឋាគារមួយចំនួននៅពេល Check-in ដើម្បីកាត់បន្ថយពេលវេលារងចាំសម្រាប់ភ្ញៀវ
សេដ្ឋកិច្ច November 8, 2019 Chan Sreyny

សណ្ឋាគារមួយចំនួននៅប្រទេសសិង្ហបុរីប្រើបច្ចេកវិទ្យាស្កេនមុខ ដោយបច្ចុប្បន្នអ្នកទេសចរនៅប្រទេសនោះអាចធ្វើការ Check-in កាន់តែលឿនជាងមុនជាមួយបច្ចកវិទ្យានេះ​ ដើម្បីកាត់បន្ថយពេលវេលារង់ចាំសម្រាប់ភ្ញៀវ និងកាត់បន្ថយចំនួនបុគ្គលិកដែលលើសនៅក្នុងសណ្ឋាគារ។ កម្មវិធីនេះត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអាចប្រើកម្មវិធីទូរស័ព្ទដៃដែលមានបច្ចេកវិទ្យាស្កេនមុខ ឬ ម៉ាស៊ីនស្កេនលិខិតឆ្លងដែនរបស់ពួកគេ។

ជាមួយគ្នានេះដែរទិន្នន័យពីការស្កេនត្រូវបានបញ្ជូនទៅឲ្យអាជ្ញាធរអន្តោប្រវេសន៍ ដើម្បីពិនិត្យមើលបន្ទាប់ពីនោះភ្ញៀវនឹងអាចទទួលបានសោរសម្រាប់បន្ទប់ស្នាក់នៅរបស់ពួកគេ។ បច្ចេកវិទ្យាដែលត្រូវបានសាកល្បងនៅសណ្ឋាគារចំនួន ៣ នេះ គឺស្រដៀងនឹងបច្ចេកវិទ្យាដែលបានប្រើនៅក្នុងអាកាសយានដ្ឋានមួយចំនួនរួមទាំងអាកាសយានដ្ឋានអន្តរជាតិចាងជី ដែលអាចកាត់បន្ថយពេលវេលា Check-in បានដល់ទៅ ៧០%។ ដោយកាលពីឆ្នាំមុន ប្រទេសសិង្ហបុរីបានស្វាគមន៍ភ្ញៀវទេសចរខ្ពស់បំផុតចំនួន ១៨.៥ លាននាក់ កើនឡើង ៦.២៍% ប្រៀបនឹងឆ្នាំ២០១៧ ដោយប្រទេសនេះមានសណ្ឋាគារច្រើនជាង ៤០០ កន្លែងនិងមានបន្ទប់ចំនួន ៦៧,០០០ ៕

អត្ថបទ៖ លីនី