ក្រសួងទេសចរណ៍ និងកីឡាគ្រោងនឹងដាក់ចេញផែនការទីផ្សាររយៈពេលខ្លី និងវែងដើម្បីជំរុញការចំណាយកាន់តែច្រើនរបស់ភ្ញៀវទេសចរបរទេស។ យុទ្ធនាការទី១ គឺការផ្ដល់សិទ្ធិលើលិខិតឆ្លងដែន ដោយរាល់ភ្ញៀវដែលបង្ហាញលិខិតឆ្លងដែននិងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៧០% នៅតាមហាងនានាចាប់ពីខែវិច្ឆិកា ដល់ខែមករា ឆ្នាំ ២០២០។
យុទ្ធការទី២ ក្រសួងនឹងពន្យាម៉ោងបិទកន្លែងកម្សាន្តពេលរាត្រីរហូតដល់ម៉ោង ២ ព្រឹកនៅតាមតំបន់ទេសចរណ៍ល្បីៗ ដូចជា Pattaya, Patong នៅ Phuket និង Ao Nang នៅ Krabi ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ដោយវិធានការណ៍នេះនឹងត្រូវដាក់ជូនសម្រាប់គណៈរដ្ឋមន្រ្តីពិចារណានៅឆ្នាំក្រោយបន្ទាប់ពីត្រូវបានគេដាក់ចេញកាលពីពីរខែមុន។

លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា យុទ្ធនាការទាំងនេះមានគោលបំណងបង្កើនការចំណាយរបស់ភ្ញៀវទេសចរនៅក្នុងប្រទេសថៃ ដោយសង្ឃឹមថាអាចប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការឡើងថ្លៃប្រាក់បាត។ ខណៈដែលតម្លៃប្រាក់បាតដ៏រឹងមាំនៅឆ្នាំនេះ បានកាត់បន្ថយប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសពីគោលដៅមុនដែលបានកំណត់ទុកចំនួន ២.០៤ ទ្រីលានបាត។
ជាមួយគ្នានេះអាជ្ញាធរក៏បានប្តេជ្ញាបង្កើនចំណូលទេសចរណ៍ក្នុងចំណោមទីក្រុងតូចៗនៅឆ្នាំក្រោយ ដោយផ្សព្វផ្សាយទិសដៅថ្មីៗ និងធ្វើដំណើរទៅកាន់សហគមន៍។ គួរបញ្ជាក់ផងដែរថាក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំនេះភ្ញៀវទេសចរបរទេសដែលទៅកម្សាន្តនៅប្រទេសថៃមានចំនួន ២៩.៥ លាននាក់កើនឡើង ៣.៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយរកចំណូលបាន ១.៤២ ទ្រីលានបាតកើនឡើង ៣.៥%៕

អត្ថបទ៖ លីនី


