ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០១៩ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៨១ លាននាក់កើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ក្នុងនោះផងដែរភ្ញៀវទេសចរប្រហែល ៧០.៥% បានមកដល់ប្រទេសកម្ពុជាតាមផ្លូវអាកាស តាមរយៈផ្លូវគោកចំនួន ២៧.៤% និងតាមផ្លូវទឹក ២.១% ដោយប្រទេសចិន វៀតណាម និងឡាវគឺជាប្រភពធំបំផុតនៃការមកដល់របស់ភ្ញៀវទេសចរបរទេស។
ដោយឡែកក្នុងរយៈពេលដូចគ្នានេះ ភ្ញៀវទេសចរបរទេសដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង ១.៦៦ លាននាក់ ជាមួយនឹងចំណូលសរុបជាង ៧៤.៣៤ លានដុល្លារ។ គួរបញ្ជាក់ផងដែរថាវិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យទាំងបួន ដែលគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសដែលរួមចំណែក ១២.៧% ដល់ផលិតផលក្នុងស្រុកកាលពីឆ្នាំមុន។ ដោយក្នុងឆ្នាំ ២០១៨ កម្ពុជាទទួលបានទេសចរបរទេសចំនួន ៦.២ លាននាក់ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន ២ លាននាក់ដែលទទួលបានប្រាក់ចំណូលសរុប ៤.៣៥ ពាន់លានដុល្លារ។ បន្ថែមពីនេះកម្ពុជាមានគោលបំណងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ៦.៧ លាននាក់នៅឆ្នាំនេះ និងឆ្នាំ ២០២០៕


អត្ថបទ៖ លីនី


