ជប៉ុនសន្យាផ្ដល់ហិរញ្ញប្បទានជាង ៥០០០ លានដុល្លារអាមេរិកដល់កម្ពុជាបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ
សេដ្ឋកិច្ច November 7, 2019 Chan Sreyny

ប្រទេសជប៉ុនសន្យាផ្ដល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ ( Japanese ODA ) ព្រះរាជាណាចក្រកម្ពុជាសរុបចំនួនប្រមាណជាង ៥០០០ លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណងប្រមាណជាង ៣៥០០ ពាន់លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ តួលេខនេះមិនត្រូវបានរាប់បញ្ចូល​កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានា ដែលត្រូវបានផ្ដល់ដោយប្រជាជន និងសប្បុរសជនជប៉ុនជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ។

ក្នុងនោះប្រទេសជប៉ុន និង រដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និតគ្រប់វិស័យប្រទេសកម្ពុជា ហើយបន្តពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងវិស័យអាទិភាពនានារបស់​រដ្ឋាភិបាលកម្ពុជាជប៉ុននឹងព្យាយាមប្រឹងប្រែងតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចជាការជំរុញដល់ការអភិវឌ្ឍន៍វិស័យឯកជននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លើសពីនេះប្រទេសជប៉ុននឹងបន្តផ្ដល់ការគាំទ្រ ជំរុញរាល់គ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និង អាស៊ាន-ជប៉ុនជាដើម៕

អត្ថបទ៖ លីនី