ការចាប់ផ្ដើមបង្កើតអាជីវកម្មថ្មីដោយខ្លួនឯង មិនមែនជារឿងងាយស្រួលទេសម្រាប់សហគ្រិនគ្រប់រូបជាពិសេសសម្រាប់អ្នកចេញរកស៊ីថ្មីថ្មោង ហើយមិនសូវមានដើមទុនច្រើន និងខ្វះបទពិសោធន៍។ ជាក់ស្ដែងកាលពី ៧ ឆ្នាំមុនតារាម៉ូដែល Alexandra Cristin កំពុងមើល YouTuber ដែលនាងចូលចិត្តនៅឯផ្ទះ មុនពេលដែលនាងសម្រេចចិត្តចាប់ផ្ដើមលក់សក់ពាក់តាមអ៉ីនធឺណេត។ សព្វថ្ងៃ Cristin គឺជាម្ចាស់ក្រុមហ៊ុន Glam Seamless ដែលជាអាជីវកម្មលក់សក់ពាក់ឈានមុខគេមួយនៅក្នុងឧស្សាហកម្មថែរក្សាសម្ផស្ស។
Alexandra Cristin តែងតែពាក់សក់តាំងពីនាងអាយុ ១៤ ឆ្នាំនៅពេលនោះហើយដែលនាងមានគំនិតចង់ចាប់ផ្ដើមក្រុមហ៊ុននេះឡើង ដោយចាប់ផ្ដើមលក់សក់ពាក់តាមអ៉ីនធឺណេត ព្រោះកាលនោះប្រភេទសក់ពាក់មិនមានដាក់លក់នៅតាមអ៉ីនធឺណេតនោះទេ ហើយយុទ្ធសាស្រ្តនេះបានធ្វើឲ្យអាជីវកម្មរបស់នាងឈានមុខគេក្នុងការផ្លាស់ប្ដូរឥរិយាបទរបស់អតិថិជន។ មួយវិញទៀតដោយសារចិត្តស្រលាញ់ និងចំណង់ចំណូលចិត្តរបស់ខ្លួនបានធ្វើឲ្យ Alexandra Cristin បានឃ្លាតឆ្ងាយពីការអាជីពជាតារាម៉ូដែលមកគ្រប់គ្រងអាជីវកម្មរបស់នាង។

ដោយសារការចាប់ផ្ដើមអាជីវកម្មដំបូងមានវ័យក្មេងពេក និងមិនមានប្រាក់គ្រប់គ្រាន់ Alexandra Cristin ត្រូវធ្វើការ ១០០ ម៉ោងដើម្បីអាចសម្រេចនៅអ្វីដែលខ្លួនចង់បាន។ ជាមួយអាជីវកម្មបែបនេះ នាងត្រូវមានប្រាក់សម្រាប់ទូរទាត់បញ្ជី ប៉ុន្តែដោយសារអាយុនៅក្មេងពេក ការទទួលបានប្រាក់កម្ចីគឺជារឿងដ៏ពិបាកមួយសម្រាប់នាង។ ដូច្នេះហើយទើប Cristin ផ្តល់យោបល់ដល់អ្នកដែលមានបំណងបើកយីហោផ្ទាល់ខ្លួន ត្រូវសន្សំប្រាក់ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន សម្រាប់ទ្រទ្រង់អាជីវកម្មចន្លោះពី ៣ ទៅ ៦ ខែដើម្បីរីកចម្រើន និងដំណើរការអាជីវកម្មទៅមុខដោយរលូន។

សព្វថ្ងៃនេះ Glam Seamless គឺជាក្រុមហ៊ុនដែលមានតម្លៃរាប់រយដុល្លារដែលផ្តល់ជូននូវជម្រើសសក់ពាក់ដែលមានច្រើនជាង ១០០ ពណ៌ សុទ្ធសឹងតែជាសក់ដែលមានគុណភាពខ្ពស់ជាមួយម៉ូដប្លែកៗជាច្រើន ហើយចំនួនបណ្តាញផ្សព្វផ្សាយសង្គមនៅតែបន្តកើនឡើងដោយមានអ្នកតាមដានចំនួន ២០០,០០០ នាក់នៅទូទាំងពិភពលោកផងដែរ៕

អត្ថបទ៖ លីនី


