យោងតាមសន្ទស្សន៍ផ្នែកភាសាអង់គ្លេសប្រចាំឆ្នាំដែលធ្វើឡើងដោយក្រុមហ៊ុនអប់រំពិភពលោក EF Education First បានបង្ហាញថាជំនាញភាសាអង់គ្លេសរបស់ប្រទេសថៃបានធ្លាក់ចុះ ៣ ឆ្នាំជាប់ៗគ្នា ដោយឆ្នាំនេះធ្លាក់មកចំណាត់ថ្នាក់ទី ៧៤ ក្នុងចំណោមប្រទេសចំនួន ១០០ ជាមួយពិន្ទុ ៤៧.៦២ ដែលត្រូវបានគេចាត់ទុកថាជាកម្រិតទាបបំផុត។ ខណៈដែលប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកដែលខ្ពស់ជាងគេនៅអាស៊ី និងនៅពីក្រោយបណ្តាប្រទេសអ្នកមាននៅអឺរ៉ុបខាងជើងចំនួន ៤ ដោយប្រទេសហូឡង់ ឈរនៅលំដាប់កំពូល។
ជាមួយគ្នានេះប្រទេសថៃមានពិន្ទុទាបជាងគេទី ៣ នៅអាស៊ីអាគ្នេយ៍ គឺនៅពីក្រោយឥណ្ឌូនេស៊ី និងនាំមុខមីយ៉ាន់ម៉ា និងកម្ពុជាក្នុងចំណាត់ថ្នាក់ទី១៧ ក្នុងចំណោម ២៥ ប្រទេសនៅអាស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក្ដីប្រទេសហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃបង្ហាញពីការធ្លាក់ចុះនៅក្នុងលំដាប់ពិន្ទុ ខណៈពេលដែលប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាប្រសើរឡើងជាមុន។

ជាក់ស្ដែងរបាយការណ៍បានព្រមានថាបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ដូចជាថៃ និងកម្ពុជាអាចទទួលរងសម្ពាធពីការខ្វះខាតជំនាញភាសាអង់គ្លេស។ ខណៈដែលភាសាអង់គ្លេសជាភាសាអន្តរជាតិមួយដែលអ្នកទេសចរមានភាពងាយស្រួលក្នុងការទំនាក់ទំនង ក៏ដូចជា។ គួរបញ្ជាក់ផងដែរថានៅឆ្នាំ ២០១៨ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៦៤ ក្នុងចំណោម ៨៨ ប្រទេសដែលទទួលបានពិន្ទុ ៤៨.៥៤ ដោយនៅឆ្នាំ ២០១៧ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ៥៣ ក្នុងចំណោម ៨០ ដែលមានពិន្ទុ ៤៩.៧ ៕


អត្ថបទ៖ លីនី


