អង្ករក្រអូបកម្ពុជា និងផលិតផលកសិកម្មមួយចំនួននឹងបង្ហាញខ្លួននៅឯពិព័រណ៍នាំចូលអន្តរជាតិនៅទីក្រុងសៀងហៃ ដើម្បីបង្ហាញសក្ដានុពលលើទីផ្សារអន្តរជាតិ
សេដ្ឋកិច្ច November 7, 2019 Chan Sreyny

អង្ករក្រអូបរបស់កម្ពុជានឹងក្លាយជាផលិតផលសំខាន់របស់ប្រទេសដែលត្រូវបានដាក់តាំងនៅពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី២ (CIIE) នៅទីក្រុងសៀងហៃនាដើមខែក្រោយ នេះបើយោងតាមការអះអាងពីអ្នកនាំពាក្យពាណិជ្ជកម្ម និងជាប្រធាននៃសមាគមន៍អង្ករកម្ពុជា។ ការនាំយកអង្ករក្រអូបទៅកាន់ពិព័រណនេះនឹងក្លាយជាឱកាសមាសដើម្បបង្ហាញពីផលិតផលសក្ដានុពលរបស់យើងមិនត្រឹមតែចំពោះអតិថិជនចិនប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទិញអន្តរជាតិ និង អ្នកចូលរួមតាំងពិព័រណ៍ផងដែរ។

ក្រៅពីនេះកម្ពុជាក៏បានរៀបចំពន្លាជាតិមួយដែលមានលក្ខណៈជាខ្មែរជាមួយស្តង់នៅក្នុងពិពរណ៍នេះ ដើម្បីបង្ហាញផលិតផល និងសក្ដានុពលរបស់ប្រទេសទៀតផង។ ខណៈដែលផលិតផលកសិកម្មផ្សេងទៀតដូចជា ម្សៅដំឡូងមី ពោត ចេកលឿង ស្វាយ ស្វាយចន្ទី និងម្រេចក៏នឹងត្រូវដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ បន្ថែមពីនេះទៅទៀតពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី២ នឹងក្លាយជាឱកាសមួយសម្រាប់កម្ពុជាក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតជាមួយប្រទេសចិន និងប្រទេសចូលរួមដទៃទៀត។

ទន្ទឹមនឹងនេះតាមរយៈពិព័រណ៍នេះកម្ពុជានឹងមានទីផ្សារកាន់តែធំសម្រាប់ផលិតផលរបស់ខ្លួន ហើយផលិតផលសក្តានុពលនឹងត្រូវបានគេស្គាល់កាន់តែច្បាស់នៅលើទីផ្សារអន្តរជាតិ។ ដោយសហព័ន្ធស្រូវអង្ករកម្ពុជានឹងដឹកនាំក្រុមហ៊ុននាំអង្ករចេញក្នុងស្រុកចំនួន ១៣ ទៅចូលរួមពិព័រណ៍នេះដើម្បីផ្សព្វផ្សាយអង្ករដែលមានគុណភាពល្អបំផុត ជាពិសេសនឹងបង្ហាញពូជស្រូវទៅកាន់ទីផ្សារប្រទេសចិន និងអន្តរជាតិ ដោយកន្លងមកប្រទេសចិនបានក្លាយជាអ្នកទិញអង្ករកម្ពុជាច្រើនជាងគេ ហើយអង្ករកម្ពុជាមានការពេញនិយមនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះដោយសារគុណភាព និងរសជាតិឆ្ងាញ់៕

អត្ថបទ៖ លីនី