(សៀមរាប)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប (STC), ប្រតិបត្តិករទេសចរ, និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បានធ្វើការស្រុះស្រួល មូលមតិគ្នាក្នុងការបញ្ចុះតម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសម្រួលតម្លៃនៃកញ្ចប់ទេសចរណ៍មួយចំនួនទៀត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនាខេត្តសៀមរាប-អង្គរ កាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះតំណាងនៃក្រុមប្រតិបត្តិករទេសចរណ៍ រួមនិងអាជ្ញាធរមានសមត្ថកិច្ច ដែលមានខាងមន្ទីរទេសចរណ៍ខេត្ត បានបន្តជួបពិភាក្សា រឹះរកវិធីសាស្រ្ត និងអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យនេះ ក្នុងការបញ្ចុះតម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសម្រួលតម្លៃនៃកញ្ចប់ទេសចរណ៍ជាច្រើនទៀត ពោលគឺមិនមានការតម្លើងតម្លៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ដោយស្ម័គ្រចិត្ត នេះបើតាមការអះអាង និងផ្សព្វផ្សាយរួមគ្នារបស់ CATA, STC, និងមន្ទីរទេសចរណ៍ខេត្ត ក្នុងនាមអាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទន្ទឹមនឹងនេះក្រៅពីការបញ្ចុះតម្លៃទៅលើសេវាកម្មទេសចរណ៍នាឱកាសនោះអាជ្ញាធរខេត្តក៏នឹងមានរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីក៏ដូចជាការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យចូលមកទស្សនារមណីយដ្ឋាននានា នៅក្នុងខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រមួយនេះឲ្យកាន់តែច្រើនកុះករបន្ថែមទៀត។ ជាពិសេសអាជ្ញាធរ និងសមត្ថកិច្ច បានត្រៀមការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សម្រាប់ព្រះរាជពិធីនេះផងដែរ៕






