ដើម្បីក្លាយជាសហគ្រិនជោគជ័យមនុស្សជាច្រើននិយាយថាយើងត្រូវមានចំណង់ចំណូលចិត្តទៅលើរឿង ឬ ជំនួញដែលយើងចង់ធ្វើ ហើយនោះជាអ្វីដែល Su Jin Lee មាននៅក្នុងពេលដែលគាត់ចាប់ផ្ដើមអាជីវកម្មរបស់គាត់។ លោក Lee គឺជាស្ថាបនិកនៃ Yanolja ដែលជាវេទិកាកក់កន្លែងស្នាក់នៅតាមអ៉ីនធឺណែតដែលបានស្រោចស្រង់ ‘love hotels’ របស់ប្រទេសកូរ៉េខាងត្បូងដែលបានដួលរលំជាយូរណាស់មកហើយ ត្រលប់មកចាប់ផ្ដើមដំណើរការម្ដងទៀតហើយបានបង្កើតអាជីវកម្មថ្មីបំផុត និងមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសនេះ។
‘love hotels’ គឺជាប្រភេទនៃការស្នាក់នៅរយៈពេលខ្លី និងទូរទាត់ប្រាក់គិតជាម៉ោង ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកជាមួយការតុបតែងទាន់សម័យ ហើយប្លែកៗ។ សហគ្រិនជនជាតិកូរ៉េរូបនេះបានចាប់ផ្ដើមក្រុមហ៊ុននៅទីក្រុងសេអ៊ូលនៅឆ្នាំ ២០០៧ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរការយល់ឃើញខុសមកលើឧស្សាហកម្មសណ្ឋាគារថាជាកន្លែងសម្រាប់ប្រព្រឹត្តសកម្មភាពផ្លូវភេទខុសច្បាប់ ដោយសារដើមកំណើតដំបូងនៃ ‘love hotels’ នេះគឺបង្កើតដោយប្រទេសជប៉ុនសម្រាប់ប្រព្រឹត្តសកម្មភាពផ្លូវភេទខុសច្បាប់។

តែនៅពេលដែលច្បាប់ប្រឆាំងអំពើពេស្យាចារត្រូវបានអនុម័តក្នុងឆ្នាំ ២០០៤ បានគំរាមដល់ការបិទឧស្សាហកម្មនេះលោក Su Jin Lee យល់ថានេះជាឱកាសមួយក៏ចាប់ផ្ដើមបង្កើតវេទិកាកក់កន្លែងស្នាក់ ដើម្បីឲ្យម្ចាស់សណ្ឋាគារអាចទាក់ទាញភ្ញៀវថ្មីៗ មុនពេលដែលគាត់ចាប់ផ្ដើមបើកដំណើរការការកក់នៅលើ Yanolja ជាផ្លូវការនៅឆ្នាំ ២០០៧។ Yanolja ជាភាសាកូរ៉េនិងមានន័យថា “ហេ! តោះចាប់ផ្ដើម ” ដែលមិនត្រឹមជាវេទិកាកក់កន្លែងស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងជួយកែលម្អសណ្ឋាគារឲ្យកាន់តែប្រសើរឡើង និងកំណត់គោលដៅអតិថិជនថ្មី អ្វីដែលសំខាន់ជាងគេគឺផ្ដោតទៅលើគូសា្វមីភរិយាវ័យក្មេង និងអ្នកធ្វើដំណើរមានថវិការតិចតួចដែលស្វែងរកកន្លែងស្នាក់នៅរយៈពេលខ្លី។

ចាប់តាំងពីពេលនោះមកវាបានក្លាយជាអាជីវកម្មបដិសណ្ឋារកិច្ចឈានមុខគេជាមួយនឹងការទាញយកទិន្នន័យចំនួន ៣២ លានដង និងរាប់ពាន់លានដងក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ហើយសព្វថ្ងៃនេះវេទិកា Yanolja មានអត្រាកំណើនប្រចាំឆ្នាំ ៧០% និងទទួលភ្ញៀវដៃគូជាង ២ ម៉ឺនកន្លែងនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ នោះស្ទើរតែពាក់កណ្តាលនៃចំនួនផ្ទះសំណាក់ និងផ្ទះសំណាក់ដែលបានចុះឈ្មោះប្រមាណជា ៤៦,០០០ កន្លែង ដែលធ្វើឲ្យប្រាក់ចំណូលប្រចាំឆ្នាំក្រុមហ៊ុនលើសពី ៣.៦ ពាន់លានដុល្លារ ដោយក្នុងខែមិថុនាឆ្នាំ ២០១៩ ក្រុមហ៊ុនមានតម្លៃ ១ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី៨ និងមានបំណងពង្រឹង នឹងប្រកួតប្រជែងយកចំណាត់ថ្នាក់លេខ១ លើពិភពលោក៕


អត្ថបទ៖ លីនី


