Sabeco ក្រុមហ៊ុនផលិតស្រាបៀរធំជាងគេរបស់វៀតណាម រកចំណូលបានជិត ៤ លានដុល្លារក្នុងមួយថ្ងៃពីការលក់ស្របៀរ
អាជីវកម្ម November 6, 2019 Chan Sreyny

ក្រុមហ៊ុនផលិតស្រាបៀរធំជាងគេរបស់វៀតណាម Sabeco បានប្រមូលប្រាក់ចំណូលចំនួន ៩០ ពាន់លានដុង (៣.៨៧ លានដុល្លារ) ក្នុងមួយថ្ងៃចាប់តាំងពីខែមករា ដល់ខែកញ្ញាដែលជាការកើនឡើងទ្វេដង។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនសាជីវកម្មផលិតស្រាបៀរសៃហ្គនមួយនេះបានរាយការណ៍អំពីប្រាក់ចំណេញជាង ២៨.៣ ទ្រីលានដុង (១.២២ ពាន់លានដុល្លារ) ក្នុងរយៈពេល ៩ ខែកើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះក្នុងត្រីមាសទី ៣ ប្រាក់ចំណេញក្រោយពីកាត់ពន្ធរួចគឺមានចំនួនខ្ពស់បំផុតក្នុងចំណោមស្រាបៀរទាំងអស់នៅវៀតណាមដែលមានចំនួនជិត ៤៤.៧៦ លានដុងស្មើនឹង ៦២.៧៦ លានដុល្លារពោល គឺកើនឡើងជាង ៤០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយនៅក្នុងឆ្នាំនេះ Sabeco បានបង់ពន្ធស្ទើរតែ ៤.២ លានលានដុង (៣៥២.៤៦ លានដុល្លារ) ។ ខណៈដែលដើមទុនសរុបរបស់ខ្លួនគិតត្រឹមត្រីមាសទី ៣ មានចំនួន ២៤.៧៨ ទ្រីលានដុង (១.០៧ ពាន់លានដុល្លារ) កើនឡើង ១០.៧% កាលពីដើមឆ្នាំ។

គួរបញ្ជាក់ផងដែរថា Sabeco កាន់កាប់ភាគហ៊ុន ៥៣.៥៩% ដោយក្រុមហ៊ុនភេសជ្ជៈវៀតណាមដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនភេសជ្ជៈថៃ ThaiBev ហើយរដ្ឋាភិបាលវៀតណាមដែលតំណាងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មមានភាគហ៊ុនចំនួន ៣៦% នៅក្នុងក្រុមហ៊ុននេះ។ បន្ថែមពីនេះនៅក្នុងឆ្នាំ ២០១៧ ការទទួលទានស្រាបៀរនៅក្នុងប្រទេសវៀតណាមមានចំនួន ៤.១ ពាន់លានលីត្រ ដែលធ្វើឲ្យប្រទេសនេះក្លាយជាទីផ្សារគ្រឿងស្រវឹងធំជាងគេនៅអាស៊ីអាគ្នេយ៍ និងធំជាងគេទីបីនៅអាស៊ីបន្ទាប់ពីប្រទេសជប៉ុន និងចិននេះបើយោងតាមក្រសួងសុខាភិបាល៕

អត្ថបទ៖ លីនី