ដំណឹងល្អ! រោងចក្រចំនួនពីរតម្លៃជាង ១២ លានដុល្លារនឹងមានវត្តមាននៅខេត្តកណ្ដាល
សេដ្ឋកិច្ច November 5, 2019 Chan Sreyny

យោងតាមគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យបង្ហាញថានៅរសៀលថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន ក្នុងការសាងសង់រោងចក្រធំៗ ចំនួនពីរ។ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរសម្រាប់គម្រោងសាងសង់ទាំងពីរដែលមានតម្លៃជាង ១២.៦ លានដុល្លារអាមេរិក និងផ្ដល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ជាង ៥០០០ នាក់នេះ ត្រូវបានផ្ដល់ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១. ក្រុមហ៊ុន “EHM EASYHOME MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៤៩៧នាក់។

២. ក្រុមហ៊ុន “YNTEX CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៧លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩១៩នាក់៕

អត្ថបទ៖ លីនី