វាអាចជារឿងដែលមិនគួរឲ្យជឿ ឬ មនុស្សគ្រប់គ្នាគិតថាជាសំណាងដែលកុមារាម្នាក់បានបង្កើតអាជីវកម្មមួយយ៉ាងជោគជ័យក្នុងវ័យត្រឹមតែ ៦ ឆ្នាំ។ ប៉ុន្តែនេះជារឿងពិត ហើយក៏មិនមែនជាសំណាងនោះដែរ តែវាជាមហិច្ឆិតា និងការខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីសម្រេចក្ដីស្រម៉ៃ របស់កុមារា Cory Nieves ដែលបច្ចុប្បន្នមានអាយុ ១៦ ឆ្នាំតែក្លាយជាម្ចាស់ក្រុមហ៊ុនដែលបង្កើតយីហោដោយខ្លួនឯងមានឈ្មោះថា ” Mr. Cory’s Cookies ” ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែ។
អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយកាលនោះ Cory Nieves មានអាយុ ៦ ឆ្នាំ មានផែនការមួយលក់សូកូឡាក្ដៅទៅឲ្យអ្នកជិតខាងនៅក្នុងតំបន់ដែលខ្លួនរស់នៅ Englewood។ ដោយសារធុញទ្រាន់នឹងការជិះរថយន្តក្រុង ក៏មានបំណងសន្សំប្រាក់ដើម្បីទិញរថយន្តជូនម្ដាយ និងចង់ជួយម្ដាយដែលជាស្រ្តីមេម៉ាយ។ Cory Nieves បានចាប់ផ្ដើមលក់សូកូឡាក្ដៅទៅឲ្យជនជាតិស្វីសក្នុងតម្លៃ ១ដុល្លារក្នុងមួយពែង នៅពេលលក់យូរៗទៅកុមារារូបនោះចាប់ផ្ដើមដឹងពីអ្វីដែលអ្នកទិញចង់បាន Nieves ក៏ចាប់ផ្ដើមស្វែងរកតាមអ៉ីនធឺណែតនូវរូបមន្តធ្វើនំ Cookies ដ៏ឆ្ងាញ់មួយ។

Nieves រៀនដុតនំអស់រយៈពេល ៣ខែជាមួយម្ដាយ ហើយបានចាប់ផ្ដើមធ្វើតាមគំនិតដែលខ្លួនគិតថា chocolate chip cookie គឺជានំដែលឆ្ងាញ់បំផុត ហើយវាពិតជាដូច្នេះមែនរូបមន្តនេះពិតជាពេញនិយមមែន។ នៅពេលនោះហើយដែល Nieves ដឹងថាខ្លួនមានអាជីវកម្មមួយ នៅពេលដែលមនុស្សចាប់ផ្តើមចាប់អារម្មណ៍លើនំរបស់ខ្លួន។ ក្រោយមក Nieves និងម្ដាយចាប់ផ្ដើមនាំយកនំ cookie ទៅលក់នៅក្នុងពិធីបុណ្យក្នុងស្រុក ឬ ក្នុងការប្រកួតប្រជែងផ្សេងៗ ដោយកុមារារូបនេះបានទាញយកការចាប់អារម្មណ៍ពីអតិថិជនជាមួយពាក្យស្លោករបស់ខ្លួន ” ជីវិតនេះហាក់ដូចជាខ្លីណាស់ ប្រសិនបើមិនបានញ៉ាំនំ cookie “។
កេរ្តិ៍ឈ្មោះកុមារារូបនេះល្បីរន្ទឺពេញសារព័ត៌មានក្នុងស្រុក ហើយអាជីវកម្មនេះក៏រីកចម្រើនជាលំដាប់ដោយនៅឆ្នាំ ២០១៥ Nieves ត្រូវបានគេអញ្ជើញឲ្យបង្ហាញខ្លួននៅលើកម្មវិធី The Ellen DeGeneres Show ដែលធ្វើឲ្យមានការគាំទ្រកាន់តែខ្លាំងឡើងៗ។ ការបញ្ជាទិញកាន់តែច្រើនក៏ពិតមែន តែ Nieves និងម្ដាយរបស់ខ្លួនអាចបំពេញបាន។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ដោយសារខ្លាចរឿងនេះបង្កជាបញ្ហាក្នុងការផ្គត់ផ្គង់ និងបំពេញតម្រូវការ ពួកគេបានស្វែងរកការវិនិយោគពីខាងក្រៅ ហើយបានបង្ហាញមុខនៅលើទូរទស្សន៍ម្តងទៀតនៅលើក្នុងកម្មវិធីរបស់ CNBC ដោយទទួលបានសាច់ប្រាក់ ១០ ម៉ឺនដុល្លារ។

មិនតែប៉ុណ្ណោះ Nieves បានជួលគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចមួយដែលដាក់ឈ្មោះថា “cookie helpers” ហើយផលិតផលបានចាប់ផ្តើមដឹកជញ្ជូននៅទូទាំងប្រទេស។ សព្វថ្ងៃនេះក្រុមហ៊ុនផ្តល់នូវនំដែលមានដល់ទៅ ១៤ រសជាតិ ហើយ Nieves មានក្តីសង្ឃឹមខ្ពស់សម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួនចាបន្តបន្តបន្ទាប់ និងសម្រាប់អនាគតផ្ទាល់ខ្លួនផងដែរ៕

អត្ថបទ៖ លីនី


