ផ្តើមចេញពីដើមទុនតែ ១ ០០០ដុល្លារ សហគ្រិនស្ត្រីវ័យក្មេងរូបនេះប្រឹងជំនះរហូតកាន់កាប់របររកស៊ីជាច្រើនក្នុងដៃ
អាជីវកម្ម November 16, 2019 Chan Sreyny

ដោយសារមិនចូលចិត្តលឺគេនិយាយថា ស្រ្តីវិលចង្រ្កានមិនជុំ ស្រី្តដែលរស់នៅចាំតែពឹងប្ដី សហគ្រិនវ័យ ៣០ ឆ្នាំ សូហ្វីយ៉ា បែកគំនិតចេញរកស៊ីនៅអាយុ ២៥​ ឆ្នាំ បើកអាជីវកម្មលក់ថ្មម៉ាបមួយកន្លែង។ បន្ទាប់មកដោយសារតែចិត្តស្រលាញ់ និងជាមនុស្សម្នាក់ចូលចិត្តភាពស្អាតៗ ក៏បានបង្វែរទិសដៅរបស់ខ្លួន ចាប់ផ្ដើមលក់គ្រឿងសម្អាងនៅតាមអនឡាញ​។

នៅពេលចេញរកស៊ីខាងគ្រឿងសម្អាងដំបូងសហគ្រិនរូបនេះបានប្រាប់ថា ដោយសារ​សាកល្បងប្រើផលិតផលហើយមានគុណភាពល្អ ក៏នាំយកមកចែកចាយ និងសាកល្បងលក់បន្តតែមិនហា៊នប្រថុយច្រើននោះទេ ដោយចំណាយត្រឹមតែជាង ១០០០ ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះពេលលក់ដំបូងកញ្ញា សូហ្វីយ៉ា បានបន្តថាពិតជាជួបការលំបាកខ្លាំង ដោយសារតែបណ្ដាញផ្សព្វផ្សាយមិនទាន់ទូលំទូលាយ រួមផ្សំជាមួយផលិតផលថ្មីមិនទាន់មានអ្នកស្គាល់។

ប៉ុន្តែដោយសារផលិតផលមានគុណភាពល្អ និងការផ្ដល់ទំនុកចិត្ត បានធ្វើឲ្យភ្ញៀវដែលបានប្រើប្រាស់ជួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ ធ្វើឲ្យការលក់ចេះតែកើនឡើងជាបន្តបន្ទាប់រហូតដល់ទិញប្រ៊េន P.Prince ពីប្រទេសម៉ាឡេស៊ីផ្ដាច់មុខមកលក់បន្តនៅក្នុងប្រទេស ហើយឈានដល់ការបើកសាឡន និងសំអាងការផងដែរនាពេលបច្ចុប្បន្ន។


យ៉ាងណាមិញជាមួយនឹងបទពិសោធផ្ទាល់ខ្លួនសហគ្រិនវ័យក្មេងរូបនេះបានផ្ដាំទៅស្រ្តីគ្រប់រូបដែលមានបំណងចង់បើកអាជីវកម្មត្រូវសិក្សាឲ្យបានច្បាស់ពីទីផ្សារនាពេលបច្ចុប្បន្ន និងចេះគ្រប់គ្រងចំណូលចំណាយ អ្វីដែលកាន់តែពិសេសកញ្ញាបានជំរុញទឹកចិត្តដល់ស្រ្តីគ្រប់រូបគួរតែមានគោលបំណងមួយសម្រាប់ខ្លួនឯង ដើម្បីបង្ហាញទៅសង្គមខាងក្រៅថាមនុស្សស្រីបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ និងអាចប្រកបអាជីវកម្មបានដោយខ្លួនឯងហើយទទួលបានជោគជ័យដូចជាបុរសដែរ៕

អត្ថបទ៖ លីនី