ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways ត្រូវបានគេរិះគន់ថាកំពុងមានវិបត្តិ និងអាចបិទទ្វា​រ ខណៈពេលដែលប្រធានក្រុមហ៊ុនលាលែងពីតំណែងភ្លាមៗដោយគ្មានមូលហេតុ
អាជីវកម្ម November 5, 2019 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways ត្រូវបានគេរិះគន់ថាកំពុងមានវិបត្តិហើយអាចនឹងត្រូវបិទទ្វារ ដោយសារតែបុគ្គលិកក្រុមហ៊ុនរបស់ខ្លួនមិនបានសហការជាមួយផែនការស្តារនីតិសម្បទា ស្របពេលដែលប្រធានក្រុមហ៊ុនលោក Ekniti Nitithanprapas បានលាលែងពីតំណែងដែលនឹងចូលជា​ធរមាននៅថ្ងៃសុក្រនេះ។ ការលាលែងនេះបានកើតឡើងភ្លាមៗ ដោយមិនមានការបញ្ជាក់ពីមូលហេតុណាមួយឡើយ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ រូប បានលាឈប់កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរក្រុមហ៊ុនក៏បានរាយការណ៍ពីការខាតបង់ប្រាក់ចំណេញសុទ្ធ ៦.៧ លានបាតក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយឡែកសម្រាប់លទ្ធផលត្រីមាសទី៣ មិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ ខណៈដែលកាលពីខែមុនអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន Thaworn Senneam បានសម្តែងការព្រួយបារម្ភថាក្រុមហ៊ុនដឹកជញ្ជូនអាចមានគ្រោះថ្នាក់ក្នុងការខាតបង់សុទ្ធជាង ១០ ពាន់លានបាតសម្រាប់ឆ្នាំនេះ។

បន្ថែមពីនេះក្រុមហ៊ុនបាននិយាយថាការធ្លាក់ចុះនៃវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ និងទីផ្សារអាកាសចរណ៍ពិភពលោក គឺជាកត្តាដែលធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះ ១០% កាលពីឆ្នាំមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Sumeth Damrongchaitham ប្រធានធំរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways បានអះអាងថាក្រុមហ៊ុនមិនមានហានិភ័យក្នុងការបិទទ្វារនោះទេ៕

អត្ថបទ៖ លីនី