សហរដ្ឋអាមេរិកប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀតជាមួយកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែច្រើនឡើង។ ការប្ដេជ្ញានេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ ជាមួយនឹងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មុនពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៧ (7th ASEAN-US Summit) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។
នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរជូនឯកឧត្តម W. Patrick Murphy ក្នុងឱកាសដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឲ្យវិស័យធុរកិច្ចអាមេរិកមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ក៏ដូចជាចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូផ្គងធុរកិច្ច ដើម្បីជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានឈានដល់ ៣,៤៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ដែលក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកចំនួន ៣,០៥១ លានដុល្លារ ខណៈដែលកម្ពុជានាំចូលមកវិញមានចំនួន ៣៨៧ លានដុល្លារអាមេរិក៕



