កម្ពុជា និងថៃចុះអនុស្សារណៈយោគយល់គ្នាក្នុងការបញ្ជូនភ្ញៀវទេចរណ៍ទៅវិញទៅមកតាមរយៈផ្លូវគោក និងមានគម្រោងរៀបចំជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប
សេដ្ឋកិច្ច November 2, 2019 Chan Sreyny

ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងការបញ្ជូនភ្ញៀវទៅវិញទៅមក ជាពិសេសក្នុងមធ្យោបាយធ្វើដំណើរតាមរយៈផ្លូវគោកពីខេត្តសៀមរាប រហូតដល់ខេត្តនគររាជសីមាប្រទេសថៃតាមរយៈច្រកព្រំដែនប៉ោយប៉ែត។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប (STC) និងសមាគមន៍ទេចរណ៍ភាគីថៃ នៅក្នុងដំណើរទស្សនៈកិច្ចក្បួនរថយន្តការ៉ាវ៉ាន់របស់ប្រតិភូខ្មែរ ស្ដីពីដំណើរទេសចរណ៍ផ្សព្វផ្សាយទៅប្រទេសថៃ។

ជាមួយគ្នានេះដែរខ្លឹមសារនៃអនុស្សារណៈយោគយល់នេះគឺដើម្បីធ្វើឲ្យទំនាក់ទំនងខេត្តរបស់ប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នាកាន់តែជិតស្និត ចរាចរណ៍តាមរយៈផ្លូវគោកកាន់តែច្រើនឡើង ជាពិសេសអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជា និងថៃអាចធ្វើដំណើរទៅវិញទៅមកពីខេត្តសៀមរាបទៅកាន់ខេត្តនគររាជសីមាផងដែរ។ ក្រៅពីនេះភាគីថៃបានបង្ហាញពីការសាទរចំពោះការអនុញ្ញាតរបស់កម្ពុជា និងមានគម្រោងដឹកនាំក្រុមទេសចរណ៍ទៅទស្សនៈកិច្ចនៅខេត្តសៀមរាបឆាប់ៗខាងមុខនេះ ជាពិសេសសន្យានឹងពង្រឹងវិស័យទេសចរណ៍ថៃ និងកម្ពុជា ដោយនឹងរៀបចំជើងហោះហើរត្រង់ពីទឹកដីខេត្តសៀមរាប ទៅនឹងខេត្តនគររាជសីមា ដើម្បីសម្រួលដល់វិស័យទេចរណ៍ឲ្យកាន់តែលឿន និងរហ័សដែលភាគីថៃកំពុងតែជម្រុញ ហើយរំពឹងថានឹងអាចដំណើរការនៅខែមិនាឆ្នាំក្រោយនេះ៕

អត្ថបទ៖ លីនី