ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះ ក្នុងកិច្ចពិភាក្សាពីវិធានការណ៍ដើម្បីការពារពលករចំណាកស្រុកពីប្រទេសនីមួយៗ។ ក្នុងនោះផងដែរប្រទេសទាងបីបានលើកយកបញ្ហាជាមួយប្រទេសថៃដែលទទួលបានពលករចំណាកស្រុកច្រើនជាងគេនៅក្នុងតំបន់។
ដោយសារតែប្រទេសទាំងបី គឺជាប្រទេសជិតខាងដែលមានវប្បធម៌ស្រដៀងគ្នា និងមានព្រំដែនជាប់ជាមួយប្រទេសថៃទើបធ្វើឲ្យប្រជាជនរបស់ពួកគេបានធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីធ្វើការ ហើយពលករចំណាកស្រុកមួយចំនួនបានជួបការលំបាកក្នុងដំណើរចំណាកស្រុករបស់ពួកគេ អ្នកខ្លះចាប់តាំងពីថ្ងៃចាកចេញរហូតត្រូវត្រលប់មកវិញក៏មាន។ ដូច្នេះក្នុងនាមជារដ្ឋាភិបាលប្រទេសនីមួយៗមានកាតព្វកិច្ចការពារពួកគេតាមរយៈកិច្ចសហប្រតិបត្តិជាមួយប្រទេសគោលដៅ បើទោះបីជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗ មានសិទ្ធិស្វែងរកការងារនៅក្រៅប្រទេសក៏ដោយ។

ជាក់ស្ដែងមន្រ្តីនៃប្រទេសទាំងបីបានសង្កត់ធ្ងន់ថានេះជាបញ្ហាចាំបាច់ដែលត្រូវដោះស្រាយ ដែលត្រូវប្រមូលផ្ដុំគំនិតផ្ដួចផ្ដើមុនពេលពិគ្រោះជាមួយប្រទេសថៃ។ ទន្ទឹមនឹងនេះលោកស្រី Kristin Parco ប្រធានបេសកកម្មនៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា កិច្ចប្រជុំត្រីភាគីមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំង ៣ ក្នុងការដោះស្រាយបញ្ហាផ្សេងៗគ្នាដែលរួមមានការជួញដូរមនុស្ស និងបញ្ហាប្រឈមនៅក្នុងឧស្សាហកម្មនេសាទ។ ដោយ IOM នឹងបន្តសម្របសម្រួលការចរចាសម្រាប់ភាគីដែលមានសមត្ថភាពលើបញ្ហានេះ ខណៈដែលបច្ចុប្បន្នប្រទេសឡាវកំពុងប្រឈមនឹងបញ្ហាចំណាកស្រុកឆ្លងដែនទៅប្រទេសថៃដែលមានការកើនឡើងយ៉ាងខ្លាំង៕

អត្ថបទ៖ លីនី


