ស្ដេចជំនួញចិន Jack Ma ទទួលបានភាពល្បីល្បាញ និងត្រូវបានគេស្គាល់ថាជាបុគ្គលជោគជ័យនៅលើពិភពលោក ដោយសារការតស៊ូក្នុងជីវិត និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា Alibaba បានយ៉ាងជោគជ័យ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះអតីតនាយកប្រតិបត្តិរូបនេះ ព្រមជាមួយដៃគូសហការទទួលបានពានរង្វាន់សមិទ្ធផលពីជីវិតរបស់ Malcolm S Forbes ដោយសារការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការជួយចំពោះអាជីវកម្មខ្នាតតូច។ ដោយពានរង្វាន់នេះ គឺជាការអបអរសាទរដល់បុគ្គលម្នាក់ៗ ដែលតំណាង និងបង្ហាញពីឧត្តមគតិនៃភាពជាសហគ្រិនដែលត្រូវបានជ្រើសរើសដោយ Forbes។
ចំពោះភាពល្បីល្បាញ និងភាពជោគជ័យរបស់គាត់ និងក្រុមហ៊ុនមនុស្សជាច្រើនមិនបានដឹងទេថាគាត់មានយុទ្ធសាស្រ្តពីរយ៉ាងក្នុងការដឹកនាំជីវិត និងក្រុមហ៊ុនឲ្យមានការទទួលស្គាល់ដូចសព្វថ្ងៃ។ ទីមួយមហាសេដ្ឋី Jack Ma មិនត្រឹមតែបង្កើតក្រុមហ៊ុនដែលេចធ្លោជាងគេលើពិភពលោកនោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនមួយដែលចិញ្ចឹម នឹងទំនុកបំរុងដល់អាជីវកម្មខ្នាតតូចនៅក្នុងតំបន់ទាំងក្នុងប្រទេសចិន និងទូទាំងពិភពលោកឲ្យដំណើរការយ៉ាងរលូន ព្រោះមានអាជីវកម្មខ្នាតតូចជាច្រើនដែលមិនដឹងថាពេលណា និងកន្លែងដែលពួកគេអាចលក់ផលិតផលទាំងនោះបានទេ។
ទីពីរគាត់ជាមនុស្សម្នាក់ដែលអាច និងព្យាយាមខិតខំប្រឹងប្រែងកែប្រែការរស់នៅរបស់មនុស្សរាប់លាននាក់នៅក្នុងពិភពលោក ដោយការព្យាយាមដោះស្រាយបញ្ហាដែលកើតមានក្នុងសង្គមជំនួសឲ្យការតវ៉ា។ ជាក់ស្ដែងគាត់បានបង្កើតគេហទំព័រ Taobao ដែលជាគោលដៅពាណិជ្ជកម្មចល័តធំបំផុតរបស់ចិន នៅពេលពិបាកក្នុងការបង់ប្រាក់នៅ Alibaba គាត់បានបង្កើត Alipay។ មិនតែប៉ុណ្ណោះគាត់បានបង្កើតបណ្ដាញដឹកទំនិញឆ្លាតវៃ ដើម្បីដឹកជញ្ជូនផលិតផលឲ្យអតិថិជនបានឆាប់រហ័ស និងបង្កើត Alibaba Cloud ដល់អាជីវកម្មខ្នាតតូចដែលត្រូវការបច្ចេកវិទ្យាកុំព្យូទ័រដើម្បីដំណើរការ។
មកទល់បច្ចុប្បន្ននេះក្រុមហ៊ុននៅតែបន្តបង្កើតអាជីវកម្មថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីនៅពេលទីផ្សារមានការវិវត្ត។ ខណៈដែលស្ដេចជំនួញរូបនេះត្រូវបានទស្សនាវដ្តី Forbes ចាត់ទុកថាជា “ អ្នករំដោះដ៏អស្ចារ្យបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រ ដែលអាចឲ្យមនុស្សចង់ធ្វើជំនួញ ” ដោយសារគាត់បានផ្តល់មធ្យោបាយឲ្យពួកគេធ្វើវា ហើយគាត់ពិតជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលមានឥទ្ធិពលបំផុតនៅសម័យកាលនេះផងដែរ៕


អត្ថបទ៖ លីនី


