ក្រចេះ៖ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តក្រចេះ នាអំឡុងខែតុលា ឆ្នាំ២០១៩នេះ មានការកើនឡើងក្នុងអត្រា ១០៩.៧% ប្រមាណជាង ៤ ម៉ឺននាក់ បន្ទាប់ពីទិវាសត្វផ្សោតទន្លេមេគង្គដែលបានរៀបចំឡើងរយៈពេល ៣ ថ្ងៃ កាលពីថ្ងៃទី ២៥-២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះដែរព្រឹត្តិការណ៍ខាងលើបានធ្វើឲ្យចំនួនទេសចរសរុបប្រចាំខែតុលា ឆ្នាំ ២០១៩ កើនឡើងលើសពីការរំពឹងទុក ក្នុងអត្រាប្រមាណ ១០៩.៧% នៃចំនួនទេសចរសរុប ៤៣,៩៨៥ នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ២,០៩៤ នាក់ កើនឡើង ១៦% នេះបើប្រៀបធៀបជាមួយខែតុលា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ ការប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ ២០១៩ ដែលរៀបចំឡើងរយៈពេល ៣ ថ្ងៃ កន្លងទៅនេះមានភ្ញៀវទេសចរជាតិ និង អន្តរជាតិមកទស្សនាកម្សាន្តសរុបប្រមាណ ៣៥,០០០ នាក់ តាមរយៈការមកទស្សនាជាមួយសកម្មភាពសកម្មភាពទាក់ទាញនានារួមមាន កម្មវិធីប្រគុំតន្ត្រី ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនាសត្វផ្សោត និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម។
ជាក់ស្ដែងកម្មវិធីទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា ក្នុងនោះក្រៅពីការកម្សាន្តសប្បាយ ភ្ញៀវទេសចរបានយល់ដឹងកាន់តែច្បាស់ពីជីវសាស្ត្ររបស់សត្វផ្សោតទន្លេមេគង្គ ដែលជាធនធានសត្វកម្រ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ការពារ និងអភិរក្ស ក៏ដូចជារៀបចំឲ្យកា្លយជាផលិតផលទេសចរណ៍មិនចេះរីងស្ងួត និងដ៏ទាក់ទាញសម្រាប់ខេត្តក្រចេះផងដែរ។ ដោយនៅក្នុងឆ្នាំ ២០២០ ខាងមុខកម្ពុជានឹងបន្តជំហររៀបចំទិវាសត្វផ្សោតទន្លេមេគង្គឲ្យកាន់តែអធិកអធមបន្ថែមទៀត និងគ្រោងរៀបចំកែលម្អរមណីយដ្ឋាន «អន្លង់ផ្សោតកាំពី» ឲ្យក្លាយជារមណីដ្ឋានស្តង់ដា និងជាមជ្ឈមណ្ឌលអប់រំជីវសាស្ត្រសត្វផ្សោតទន្លេមេគង្គលើកដំបូងនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថាតាមរយៈគម្រោងអភិរក្សសត្វផ្សោតរបស់អង្គការ WWF ជលផលកម្ពុជា និងរដ្ឋបាល ខេត្តក្រចេះ និងស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្ននេះចំនួនសត្វផ្សោតទន្លេមេគង្គមានកំណើនប្រមាណ ១៥% ដោយមានចំនួន ៨០ក្បាល នៅឆ្នាំ២០១៥ និងកើនឡើងដល់ ៩២ក្បាល នៅឆ្នាំ២០១៧៕




