អាជីវកម្មហ្វ្រេនឆាយនៅប្រទេសថៃនៅតែមានភាពទាក់ទាញដោយមានបណ្ដាញអាហារ និងហាងលក់រាយបរទេសមួយចំនួន ជាពិសេសហាងមកពីប្រទេសសិង្ហបុរីកំពុងស្វែងរកឱកាសនៅប្រទេសថៃក្នុងឆ្នាំនេះ។ ជាក់ស្ដែងយីហោ និងហាងលក់រាយចំនួន ១៤ មកពីប្រទេសសិង្ហបុរីគ្រោងនឹងធ្វើការផ្គូរផ្គងអាជីវកម្មជាមួយវិនិយោគិនថៃនៅក្នុងសប្ដាហ៍នេះ។
ប្រទេសថៃនៅតែមានភាពទាក់ទាញសម្រាប់វិនិយោគិនបរទេសនៅជុំវិញពិភពលោក ដោយសារតែទីផ្សារម្ហូបអាហាររបស់ប្រទេសនេះធំទូលាយ និងរឹងមាំ ដោយក្នុងឆ្នាំ ២០១៨ និង ២០១៩ ប្រទេសថៃទាក់ទាញយីហោម្ហូបអាហារអន្តរជាតិជាង ៥០ ហាងឲ្យស្វែងរកម្ចាស់ហ្វ្រេនឆាយ ដើម្បីពង្រីកមុខជំនួញអាហារនៅទីនោះ។ យ៉ាងណាមិញអាជីវកម្មហ្វ្រេនឆាយក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងកាន់តែរីកចម្រើនជាងនេះ ខណៈដែលចំនួនយីហោទាំងក្នុង និងក្រៅប្រទេសដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំនេះមានចំនួន ៦៣០ ហាង កើនឡើង ១០% ដោយតម្លៃសម្រាប់អាជីវកម្មរបស់ប្រទេសនេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃពី ២៥០-៣០០ ពាន់លានបាតក្នុងមួយឆ្នាំ៕





អត្ថបទ៖ លីនី


