ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃពុធបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ ដើម្បីផ្តល់ថវិកាចំនួន ៨៩ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់ការកែលម្អការផ្គត់ផ្គង់ទឹកនៅតាមតំបន់ជនបទ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់កម្ពុជា Sunniya Durrani-Jamal និងឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គម្រោងទាំងពីរនេះនឹងគាំទ្រដល់វិស័យអាទិភាពទាំងបួននៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយប្រជាជនជាង ៤០០,០០០ នាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអភិវឌ្ឍដែលមានវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ តាមរយៈការស្ថាបនា និងស្ដារឡើងវិញនូវកន្លែងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យចំនួន ២៥០០ កន្លែងក៏ដូចជាអនុវត្តយុទ្ធនាការផ្សព្វផ្សាយនៅក្នុងភូមិយ៉ាងតិច ៤០០ ក្នុងខេត្តចំនួន ១០ របស់ប្រទេសកម្ពុជា។
ដោយឡែកសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរួម នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពដែលលើកកម្ពស់ការរួមបញ្ចូលហិរញ្ញវត្ថុកាន់តែច្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះគម្រោងនឹងរួមបញ្ចូលការធ្វើឲ្យប្រសើរឡើងនូវការទទួលបានហិរញ្ញវត្ថុជាពិសេសសម្រាប់ប្រជាជនក្រីក្រគ្រួសារនៅជនបទ និងសហគ្រាសធុនតូចនិងមធ្យម។ ស្របពេលដែលវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ ហើយត្រូវបានគ្របដណ្តប់ដោយវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ខណៈដែលបានទទួលជោគជ័យច្រើន តែលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅមានកម្រិតជាពិសេសនៅតាមតំបន់ជនបទ។
សូមបញ្ជាក់ផងដែរថាយោងតាមសេចក្តីថ្លែងការណ៍បានបង្ហាញថាសេវាកម្មផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយចីរភាព នៅមានកម្រិតនៅឡើយនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជាដែលមានប្រមាណ ៧៧% នៃប្រជាជនសរុប ១៦.៤ លាននាក់នៅទូទាំងប្រទេស។ បន្ថែមពីនេះក្នុងឆ្នាំ ២០១៧ ខណៈ ៧៣% នៃគ្រួសារនៅតាមជនបទទទួលបានការផ្គត់ផ្គង់ទឹកប្រសើរឡើង តែមានត្រឹមតែ ១១% ប៉ុណ្ណោះដែលបានផ្គត់ផ្គង់ទឹកតាមបំពង់បង្ហូរទឹកត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ៥៦% នៃប្រជាជននៅតាមជនបទទទួលបានអនាម័យល្អប្រសើរហើយប្រហែល ៤១% នៃប្រជាជននៅជនបទនៅតែអនុវត្តការបន្ទោរបង់ពាសវាលពាសកាលដែលអាចបណ្តាលឲ្យរាគ និងបញ្ហាសុខភាពផ្សេងទៀតផងដែរ៕

អត្ថបទ៖ លីនី


