លី កាស៊ីង អ្នកមានបំផុតនៅហុងកុងកំពុងបោះជំហានចូលជួយអាជីវកម្មខ្នាតតូច ដែលព្យាយាមស្រវាងើបឡើងវិញពីភាពវឹកវរនយោបាយ និងសេដ្ឋកិច្ចរាប់ខែ
បុគ្គលជោគជ័យ October 31, 2019 Chan Sreyny

អ្នកមានបំផុតនៅហុងកុងដែលគេតែងតែហៅថា “superman” មហាសេដ្ឋី លី កាស៊ីង បានប្រកាសថានឹងបរិច្ចាគថវិកា ១ ពាន់លានដុល្លារហុងកុង ( ១២៧ លានដុល្លារ) ដល់មូលនិធិ “សង្គ្រោះបន្ទាន់ ពេលវេលាបន្ទាន់” ដែលរៀបចំឡើងដោយរដ្ឋាភិបាលហុងកុង។ ក្នុងនោះទឹកប្រាក់ ២០០ លានដុល្លារ​ហុងកុង (២៥ លានដុល្លារ) នឹងចូលរួមជួយដល់ភោជនីយដ្ឋាន និងអាជីវកម្មខ្នាតតូចក្នុងស្រុកដែលកំពុងរងគ្រោះ និងចូលរួមជួយពួកគេដោយសារចលាចលខាងសេដ្ឋកិច្ចដែលបណ្ដាលមកពីការតវ៉ាទ្រង់ទ្រាយធំ។

គោលបំណងនៃការឧបត្ថម្ភរបស់មហាសេដ្ឋីចិត្តធម៌រូបនេះ គឺដើម្បីបន្ធូរបន្ថយសម្ពាធលើអាជីវកម្មខ្នាតតូចរបស់ទីក្រុង ហើយក៏ជាផ្នែកមួយនៃការដឹកនាំក្នុងការលើកទឹកចិត្តដល់អ្នកដទៃ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្តាសេដ្ឋកិច្ចឡើងវិញ។ លើសពីនេះចាប់តាំងពីតវ៉ាចាប់ផ្ដើមមក ចំណូលរបស់ភោជនីយដ្ឋានធ្លាក់ចុះប្រមាណ ៣០% ហើយការធ្លាក់ចុះនៃការ​រលក់បានធ្វើឲ្យអាជីវកម្មម្ហូបអាហារចំនួន ២០០ កន្លែងបានបិទទ្វាររបស់ពួកគេជាអចិន្រ្តៃយ៍។

ការតវ៉ានេះមិនមែនត្រឹមតែបំផ្លាញដល់អាជីវកម្មខ្នាតតូចប៉ុណ្ណោះទេ តែក៏បានបំផ្លាញ​ទ្រព្យសម្បត្តិរបស់លោក លី ប្រមាណ ៣ ពាន់លានដុល្លារកាលពីខែកក្កដា និងសីហា។ ហើយយោងតាមលោក Lockett បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់អ្នកមានបំផុតទាំង ១០ នាក់នៅហុងកុងបានធ្លាក់ចុះប្រមាណ ១៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ៕

អត្ថបទ៖ លីនី