ក្រុមហ៊ុនអេឡិចត្រូនិច Samsung ជួបទុកធំ ដោយប្រាក់ចំណេញសុទ្ធធ្លាក់ចុះជាងកណ្ដាលនៅក្នុងត្រីមាសទី ៣
សេដ្ឋកិច្ច October 31, 2019 Chan Sreyny

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិច Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោកធ្លាក់ចុះជាងពាក់កណ្ដាលនៅក្នុងត្រីមាសទី ៣ នេះដោយសារតម្លៃបន្ទះឈីបធ្លាក់ចុះ និងការលក់យឺតយ៉ាវ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ៣ ខែដំបូងរហូតដល់ខែមិថុនាមានចំនួន​ ៦.២៩ ទ្រីលានវ៉ុន (៥.៤០ ពាន់លានដុល្លារ) ពោលគឺធ្លាក់ចុះ ៥២% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះដែរប្រាក់ចំណូលពីការលក់អង្គចងចាំបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ​ ដោយសារតម្លៃបន្ទះឈីបនៅតែបន្តធ្លាក់ចុះ។ លើសពីនេះ Samsung ក៏កំពុងកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានាពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងការរឹតត្បិតការនាំចេញដែលរដ្ឋាភិបាលក្រុងតូក្យូដាក់លើការផ្គត់ផ្គង់សំខាន់ៗចំពេលមានជម្លោះជាមួយក្រុងសេអ៊ូលជុំវិញបញ្ហាពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាមដែលធ្វើឲ្យ ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះ ៥៥.៧% ដល់ ៧.៨ ទ្រីលានវ៉ុននៅក្នុងត្រីមាសទី៣ ខណៈការលក់បានធ្លាក់ចុះ ៥.៣% ស្មើនឹង ៦២ ទ្រីលានវ៉ុន។

ប៉ុន្តែទោះជាយ៉ាងណាក្ដីក្រុមហ៊ុននៅតែទទួលបានប្រាក់ចំណេញពីការលក់ទូរស័ព្ទ ដោយទីផ្សារស្មាតមានការប្រកួតប្រជែងយ៉ាងខ្លាំង និងការលក់ទូទៅល្អប្រសើរជាងមុន ហើយប្រាក់ចំណេញនេះទទួលបានតាមរយៈការលក់ទូរស័ព្ទ Galaxy Note 10 ដែលជម្រុញទៅលើប្រាក់ចំណូលយ៉ាងខ្លាំងក្លា​ ដោយសារឧបករណ៍ស៊េរីរបស់ខ្លួនរួមជាមួយរឹមធំជាងមុន តម្រូវទៅនឹងទីផ្សារបច្ចុប្បន្ន។ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន Samsung Group ជាក្រុមហ៊ុនធំជាងគេបំផុតដែលគ្រប់គ្រងដោយក្រុមគ្រួសារដែលត្រូវបានគេស្គាល់ថាជា “chaebols” ដែលគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី១១ លើពិភពលោក។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ វាត្រូវបានបំផ្លាញដោយការធ្លាក់ចុះតម្លៃបន្ទះឈីបអង្គចងចាំនៅពេលដែលការផ្គត់ផ្គង់ពិភពលោកកើនឡើង៕

អត្ថបទ៖ លីនី