ល្អាងភ្នំ ថាំលួង នឹងបើកដំណើរការឡើងវិញ បន្ទាប់ពីរៀបចំ និងបើកសាកល្បងដោយទទួលបានការពេញចិត្តយ៉ាងខ្លាំងពីភ្ញៀវទេសចរ
សេដ្ឋកិច្ច October 31, 2019 Chan Sreyny

ថៃ៖ រូងភ្នំ ថាំលួង នៅខេត្ត ឈៀងរ៉ៃ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី ២៧ ខែតុលា ដោយអ្វីៗដំណើរការដូចការគ្រោងទុក នេះបើយោងតាមការប្រកាសពីនាយកដ្ឋានឧទ្យានជាតិសត្វព្រៃ និងការអភិរក្សរុក្ខជាតិបានប្រចាំតំបន់។ ការបើកដំណើរការនេះនឹងក្លាយជាបទពិសោធន៍ថ្មី និងលើកដំបូងសម្រាប់ភ្ញៀវទេសចរដែលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងរូងភ្នំ ចាប់តាំងពីហេតុការណ៍ដ៏ល្បីល្បាញដែលកើតឡើងជាង ១ ឆ្នាំមុនមក ហើយចាប់ពីពេលនោះមកអ្នកទេសចរដែលទៅកម្សាន្តនៅទីនោះ ត្រូវបានអនុញ្ញាតឲ្យចូលតាមរូងភ្នំតែមិនចូលខាងក្នុងទេ រហូតមកទល់ថ្ងៃទី ២៧ ខែតុលាមន្រ្តីបានធ្វើការសាកល្បងដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរចូលមកខាងក្នុងម្តងទៀត។

ចាប់តាំងពីការជួយសង្គ្រោះសមាជិកនៃក្រុមបាល់ទាត់យុវជនដែលបានជាប់នៅក្នុងនោះ ដោយសារតែទឹកភ្លៀងជន់លិច រូងភ្នំ ថាំលួង ត្រូវបានជួសជុល និងកែលម្អមួយចំនួនធំ ដោយរាល់ឧបករណ៍ជួយសង្គ្រោះត្រូវបានរុះរើ ហើយផ្លូវដែក និងការរៀបចំដើម្បីសុវត្ថិភាពត្រូវបានដាក់នៅខាងក្នុងដើម្បីធានាថាអ្នកទេសចរអាចរុករកល្អាងបានដោយសុវត្ថិភាព។ បន្ថែមពីនេះចំនួនអ្នកទស្សនាសាកល្បងត្រូវបានបែងចែកជាក្រុមពី ២៥ នាក់ទៅ ៣០ នាក់ ហើយក្រុមចំនួនបីត្រូវបានអនុញ្ញាតក្នុងពេលតែមួយ បន្ទាប់មកក្រុមនៅក្រោយនឹងត្រូវបានចូលបន្ទាប់ពីក្រុមមុនៗ ត្រឡប់មកវិញ ហើយអ្នកទេសចរទាំងអស់បាននិយាយថាពួកគេពេញចិត្តនឹងដំណើរការ និងការផ្លាស់ប្តូររូងភ្នំនេះបើយោងតាមអ្នកនាំពាក្យរបស់ល្អាងនេះ។

យ៉ាងណាមិញរូងភ្នំនេះនឹងបើកជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកា ដោយភ្ញៀវទេសចរអាចចូលក្នុងរូងភ្នំចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ និង ៣០ នាទីល្ងាចជារៀងរាល់ថ្ងៃ ហើយត្រូវបានគេរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើនពីគ្រប់ទិសទី ជាពិសេសទេសចរបរទេសមកទស្សនាកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ សមាជិក ១២ នាក់នៃក្រុមបាល់ទាត់យុវជនក្នុងតំបន់ដែលមានអាយុពី ១១ ទៅ ១៦ ឆ្នាំរួមជាមួយគ្រូបង្វឹកជំនួយអាយុ ២៥ ឆ្នាំ ត្រូវបានជាប់នៅក្នុងរូងភ្នំបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានជន់លិចរូងភ្នំមួយផ្នែកខណៈដែលពួកគេនៅខាងក្នុង ដោយប្រើរយៈពេលប្រមាណ ១៨ ថ្ងៃដើម្បីជួយសង្រ្គោះរហូតបានជោគជ័យ៕

អត្ថបទ៖​ លីនី