លោក Gessler ឬឈ្មោះដើមថា ទ្រិញ ង៉ុក អាយុ ៨៨ ឆ្នាំជាអ្នកដេរ និងផលិតស្បែកជើងដោយដៃដ៏ល្បីល្បាញអស់រយៈពេល ៦០ ឆ្នាំមកហើយនៅក្នុងប្រទេសវៀតណាម។ លោក ង៉ុក កើតនៅខេត្ត បាក់លាវខាងត្បូងនៅឆ្នាំ ១៩៣១ ដំបូងឡើយគាត់មិនដែលនឹកស្មានថាគាត់នឹងក្លាយជាអ្នកផលិតស្បែកជើងនោះទេរហូតដល់គាត់មានអាយុ ១៤ ឆ្នាំ នៅពេលដែលគ្រួសាររបស់គាត់ត្រូវភៀសខ្លួនពីស្រុកកំណើតដោយសារតែបារាំងកាន់កាប់ ទៅកន្លែងជាច្រើនមុនពេលទៅនៅតំបន់ជាយក្រុងភ្នំពេញ។ ដោយសារជីវភាពក្រីក្រពេក បងប្អូនរបស់គាត់ខិតខំរកប្រាក់ដើម្បីចិញ្ចឹមជីវិតដោយបងស្រីរបស់គាត់រៀនដេរសម្លៀកបំពាក់ បងប្រុសរៀនធ្វើវ៉ាលី និងគាត់ជ្រើសរើសរៀនជួសជុលស្បែកជើង។
តាមពិតទៅគាត់មិនចូលចិត្តការងារជួសជុលស្បែកជើងនោះទេ គាត់តែងតែលួចមើលពីរបៀបដែលគេធ្វើស្បែកជើង និងរៀនសូត្របានយ៉ាងរហ័ស។ បន្ទាប់ពីរយៈពេល ៦ ឆ្នាំក្រោយមក គាត់បានសម្រេចិត្តបើកហាងផលិតស្បែកជើងមួយនៅកណ្ដាលទីក្រុងភ្នំពេញដោយដាក់ឈ្មោះបងប្រុសរបស់គាត់ គឺឌុក ផាត់។ ប៉ុន្តែនៅពេលបើកដំបូងគាត់ខំស្វែងរកអតិថិជន ជាពិសេសអ្នកដែលមានសមត្ថភាពទិញស្បែកជើងដែលផលិតដោយជនជាតិអាមេរិក និងអឺរ៉ុប តែគ្មាននរណាម្នាក់ឲ្យគាត់ធ្វើស្បែកជើងថ្មីនោះទេ ផ្ទុយទៅវិញពួកគេបានទិញស្បែកជើងនាំចូល ហើយបានឲ្យគាត់ប្ដូរស្បែកជើងទាំងនោះតាមចិត្តរបស់ពួកគេ។
ទោះជាយ៉ាងណាគាត់មិនបោះបង់ចោលក្ដីស្រម៉ៃឡើយ នៅតែខំប្រឹងស្វែងយល់ពីបច្ចេកទេសធ្វើស្បែកជើងនៅអឺរ៉ុប និងអភិវឌ្ឍខ្លួនឲ្យប្រសើរឡើងជាងមុនទៅទៀត។ មិនយូរប៉ុន្មានគាត់ក៏បានផលិតស្បែកជើងដាក់តាំងនៅក្នុងហាង ដែលធ្វើឲ្យមនុស្សជាច្រើនមិនជឿថាស្បែកជើងទាំងនោះត្រូវបានធ្វើដោយដៃរបស់ជនជាតិវៀតណាមភាគខាងត្បូងរូបនេះ។ ការរីកចម្រើនកាន់តែឈានទៅមុខម្ចាស់ហាងរូបនេះ ក៏នៅតែបន្តអភិវឌ្ឍខ្លួនបន្ថែមទៀតដោយបានចូលរួមវគ្គបណ្ដុះបណ្ដាលពីរបៀបធ្វើស្បែកជើងនៅប្រទេសបារាំង។ បន្ទាប់ពីពេលនោះមកហាងរបស់គាត់មានភាពល្បីល្បាញរហូតដល់មានឡានជាច្រើនខ្សែមកពីស្ថានទូតអាមេរិក អង់គ្លេស និងអតីតសហភាពសូវៀតមកចតនៅមុខហាង ដែលសុទ្ធសឹងតែជាអ្នកពេញចិត្តនឹងស្បែកជើងដែលផលិតនៅហាងរបស់គាត់។
ប៉ុន្តែទោះបីជាមានភ្ញៀវលំដាប់កំពូលៗ ច្រើនយ៉ាងណាក៏ដោយអតិថិជនដែលគាត់ចងចាំមិនភ្លេចនោះគឺ ព្រះនរោត្តមសីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់តែងតែប្រើប្រាស់ស្បែកជើងបារាំង និងអ៊ីតាលី។ មិនតែប៉ុណ្ណោះក្នុងឱកាសពិសេសមួយចំនួននៅពេលដែលរាជវង្សានុវង្សចង់មានស្បែកជើងបែបប្រពៃណី លោក ង៉ុក បានចំណាយពេលជាច្រើនថ្ងៃនៅឯសារមន្ទីរក្នុងរាជធានីភ្នំពេញដើម្បីស្វែងយល់ពីវប្បធម៌ និងប្រពៃណីក្នុងតំបន់ដើម្បីយកលំនាំប្លែកៗដោយប្រើក្រណាត់ និងសម្ភារៈប្រពៃណីផ្សេងទៀត។ នៅទសវត្សឆ្នាំ ១៩៦០ ហាងស្បែកជើងរបស់គាត់មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ តែក៏ល្បីរន្ទឺនៅក្នុងប្រទេសវៀតណាមដែលជាស្រុកកំណើតរបស់ខ្លួនផងដែរ។
លុះមកដល់បច្ចុប្បន្នហាងស្បែកជើងមួយនេះស្ថិតនៅកណ្ដាលទីក្រុង Saigon ប្រទេសវៀតណាម ដោយបានផ្លាស់ពីទីក្រុងភ្នំពេញនៅឆ្នាំ ១៩៧០ ដោយសារតែរបបខ្មែរក្រហមកាន់កាប់។ មុនពេលដំណើរការលោក ង៉ុក បានចំណាយពេលជាច្រើនខែដើម្បីស្រាវជ្រាវទីផ្សារស្បែកជើងនៅភាគខាងត្បូងនៃទីក្រុង បន្ទាប់មកស្វែងរកតំណាងចែកចាយ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីម្ចាស់ហាង Grands Magasins Charner បន្ទាប់មកបានប្រើឈ្មោះយីហាថា Baly ដោយសារតែអតិថិជនជាច្រើនមិនជឿថាស្បែកជើងនោះផលិតដោយជនជាតិវៀតណាមនោះទេ។
មកទល់ពេលនេះគាត់មានអាយុ ៨៨ ឆ្នាំ តែគាត់កំពុងមមាញឹកយ៉ាងខ្លាំងជាមួយនៅក្នុងហាងតូចមួយរបស់គាត់នៅទីកណ្ដាលទីក្រុង Saigon ដោយព្យាយាមធ្វើស្បែកជើងសម្រាប់ម៉ូយប្រចាំដែលគាត់ស្រលាញ់បំផុតម្នាក់ គឺជាជនជាតិអាមេរិកដែលមកប្រទេសវៀតណាមពីរដងក្នុងមួយឆ្នាំ ហើយតែងតែទិញម្ដង ១០ គូរ ដោយសារតែគុណភាព ភាពប្រណីត និងតម្រូវទៅតាមចិត្តដែលអតិថិជនចង់បាន។ អ្វីដែលកាន់តែពិសេស គាត់តែងតែសួរអតិថិជនរបស់គាត់នូវសំណួរជាច្រើនដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងការរំពឹងទុករបស់ពួកគេ៕

អត្ថបទ៖ លីនី


