ដោយសារមិនចូលចិត្តធ្វើការងារឲ្យគេ សហគ្រិនវ័យក្មេងរូបនេះជំនះរកស៊ីបង្កើតប្រ៊េនផ្ទាល់ខ្លួនទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី
អាជីវកម្ម November 5, 2019 Chan Sreyny

មនុស្សស្រីភាគច្រើនតែងតែមានក្ដីស្រម៉ៃរៀនចប់ចូលធ្វើការនៅកន្លែងល្អៗ ទទួលបានប្រាក់ខែច្រើន ជាពិសេសបានស្លៀកពាក់ស្អាតៗ ដោយឡែកសម្រាប់កញ្ញា ធា វួចអេង ជាសហគ្រិនវ័យក្មេង និងជាម្ចាស់អាជីវកម្មផ្ទះនំខេក និងនំប័ុង ដែលចេញប្រកបអាជីវកម្មទាំងវ័យក្មេងដើម្បីស្វែងយល់ និងចង់បានបទពិសោធន៍ដោយសារតែស្រលាញ់ខាងរកស៊ី និងមិនចូលចិត្តធ្វើការ។

ជាមួយនឹងកិច្ចសម្ភាសន៍ផ្ទាល់កញ្ញា វួចអេង បានប្រាប់ថាដោយសារមិនចូលចិត្តធ្វើការងារ ហើយស្រលាញ់ការរកស៊ីតាំងពីក្មេង ទើបជម្រុញខ្លួនឯងឲ្យសាកល្បងចេញរកស៊ី ដោយដំបូងឡើយបើកជាកូនតូបលក់តែបៃតង និងកាហ្វេ ក៏ដូចជាហាងផ្ដល់សេវាកម្មអ៊ឺនធឺណេត។ បន្ទាប់មកដោយសារចិត្តស្រលាញ់ និងចូលចិត្តញ៉ាំខេកបានជម្រុញគំនិតឲ្យសហគ្រិនរូបនេះចង់បើកហាងខេក ដោយមានបំណងទិញហ្វ្រេនឆាយ មកបើកបន្ត តែដោយសារតែតម្លៃថ្លៃពេកក៏សម្រេចចិត្តទៅរៀនពីរបៀបធ្វើនំដោយខ្លួនឯងពីប្រទេសថៃ បន្ទាប់មកបានចំណាយដើមទុនប្រមាណ ៥០០០ ដុល្លារដែលសន្សំពីរបរមុនៗ បើកហាងខេកដែលអាចផ្ដល់នូវរសជាតិប្លែកឆ្ងាញ់ ជាមួយតម្លៃសមរម្យ។

នៅពេលចាប់ផ្ដើមលក់ដំបូងកញ្ញាបានផុសនៅលើបណ្ដាញហ្វេសប៊ុក ហើយមិនគិតថាអាចលក់ដាច់នោះទេ ព្រោះជាប្រ៊េនថ្មីមិនទាន់មានអ្នកស្គាល់ តែការលក់លើសពីការរំពឹងទុកច្រើនរហូតផ្ដល់សេវាកម្ម​យឺតយ៉ាវ ដោយសារខ្វះបុគ្គលិក។ រីឯបញ្ហាកញ្ញាបានបន្តថា ពិតជាមានការលំបាកខ្លាំងមែនទែន ដោយសារលក់ដាច់ខ្វះកម្លាំង ធ្វើខេកមិនទាន់ ហើយពេលខ្លះត្រូវធ្វើដាច់យប់រហូតបាក់ទឹកចិត្ត មានអារម្មណ៍ថាហត់ពេកលែងចង់បានលុយ ប៉ុន្តែកញ្ញានៅតែតស៊ូ និងដោះស្រាយនូវបញ្ហាម្ដងមួយជំហានៗ រហូតដំណើរការដោយរលូន ហើយទទួលបានការគាំទ្រច្រើន និងល្បីល្បាញមកទល់បច្ចុប្បន្នដោយពង្រីកសាខារហូតដល់ ៦ ទីតាំងនៅក្រុងភ្នំពេញ និងមានតំណាងចែកចាយនៅតាមបណ្ដាខេត្តផងដែរ៕

អត្ថបទ៖ លីនី