ផ្ដើមចេញពីអាជីពលក់ផ្លែប៉ោម ៥ សេនក្នុងមួយផ្លែ បានជំរុញឲ្យមហាសេដ្ឋី Tim Draper ក្លាយជាម្ចាស់ក្រុមហ៊ុនធំៗលំដាប់ពិភពលោក
បុគ្គលជោគជ័យ October 30, 2019 Chan Sreyny

លោក Tim Draper ដែលជាអ្នករកស៊ីផ្សងព្រេង និងជាមហាសេដ្ឋីដែលបានបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯងតាមរយៈការវិនិយោគដំបូងនៅក្នុង Twitter, Skype, Tesla និង SpaceX និយាយថាមូលហេតុតែមួយគត់ដែលជំរុញឲ្យគាត់ក្លាយជាអ្នកមូលធននិយម គឺដោយសារតែការងារដំបូងរបស់គាត់ជាអ្នករើសផ្លែប៉ោម។ ពិតណាស់នៅពេលគាត់មានអាយុ ៨ ឆ្នាំ គាត់បានចាប់ផ្ដើមការងារដំបូងដោយរើសផ្លែប៉ោមប្រមាណ ២ ៣ ដើមដែលមាននៅក្នុងចំការរបស់គាត់មកលក់នៅតាមផ្លូវ។

គាត់លក់ផ្លែប៉ោមមួយក្នុងតម្លៃ ៥ សេននៅជំនាន់ឆ្នាំ ១៩៦៦ ហើយចំណាយពេលលក់ជារៀងរាល់ថ្ងៃ អស់រយៈពេល ២ ខែទម្រាំបានលុយ ៨​ ដុល្លារ ដោយរាល់ពេលដែលលក់មិត្តភក្កិរបស់គាត់តែងតែមកឈរនៅក្បែរគាត់ប៉ុន្តែមិនបានជួយអ្វីសោះ។ រហូតដល់ថ្ងៃចុងក្រោយដែលគាត់ឈប់លក់ម្ដាយរបស់មិត្តគាត់បានមកសួរពីប្រាក់ដែលលក់បាន ហើយបានចែកប្រាក់នោះជាពីរចំណែកទៅឲ្យកូនប្រុសរបស់ខ្លួន ដោយលើកហេតុផលថាកូនរបស់ខ្លួនបានជួយលក់។

អ្វីដែលគាត់បានជួបវាជាការបង្ហាញលើកដំបូងពីសង្គមនិយម​ ហើយធ្វើឲ្យគាត់បានសម្រេចចិត្តនៅចំណុចនោះថា ត្រូវតែមានប្រព័ន្ធល្អ និងត្រឹមត្រូវមួយសម្រាប់ការចែករំលែកទ្រព្យសម្បត្តិ ឬ ប្រាក់ចំណេញ។ បទពិសោធនេះបាននាំឲ្យគាត់ក្លាយជាអ្នកមូលធននិយមដូចឪពុក និងជីតារបស់គាត់ដែរ។ ដោយជីតារបស់ Draper គឺលោក William Draper Jr. បានបង្កើតក្រុមហ៊ុនមូលធនដំបូងនៅ Silicon Valley ក្នុងឆ្នាំ ១៩៥៩ មានឈ្មោះថា Draper, Gaither និង Anderson ខណៈដែលឪពុករបស់គាត់ឈ្មោះ William Draper III បង្កើតក្រុមហ៊ុនវិនិយោគ Draper និង Johnson ក្នុងឆ្នាំ ១៩៦២ ខណៈដែលគាត់បានបង្កើតក្រុមហ៊ុនមូលធនក្នុងឆ្នាំ ១៩៨៥ ៕

អត្ថបទ៖ លីនី