វៀតណាមដាក់ពន្ធលើផលិតផលដែកថែបពីប្រទេសចិន និងកូរ៉េខាងត្បូង ៥ ឆ្នាំ ដោយសារការលក់បង្ខូចតម្លៃ ដើម្បីការពារផលិតកម្មក្នុងស្រុក
សេដ្ឋកិច្ច October 30, 2019 Chan Sreyny

ហូជីមីញ៖ ប្រទេសវៀតណាមបានដាក់ពន្ធលើផលិតផលដែកថែបចម្រុះពណ៌គ្រប់ប្រភេទរបស់ប្រទេសចិន និងកូរ៉េខាងត្បូងរយៈពេល ៥ ឆ្នាំនៅក្នុងទីផ្សាររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកបានត្អូញត្អែរថាការកំណត់តម្លៃមិនស្មើភាពពីគូប្រជែងនៅបរទេស បានធ្វើឲ្យពួកគេបិទទ្វារផលិតកម្មរបស់ខ្លួន។ យោងតាមសេចក្តីសំរេចរបស់ក្រសួងលេខ ៣១៩៨ / QĐ-BCT ក្រសួងពាណិជ្ជកម្មអត្រាពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃត្រូវបានអនុវត្តចំពោះសហគ្រាសនាំចេញដែកថែបដែលមានពណ៌ចម្រុះរបស់ប្រទេសចិនគឺពី ២.៥៣% ដល់ ៣៤.២៧% និងកូរ៉េខាងត្បូងគឺចាប់ពី ៤.៧១% ដល់ ១៩.២៥%។

ជាមួយគ្នានេះក្រសួងបានសង្គត់ធ្ងន់ថាសកម្មភាពបង្ខូចតម្លៃនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើឧស្សាហកម្មក្នុងស្រុកដែលបង្ហាញឲ្យឃើញពីការថយចុះសន្ទស្សន៍ដូចជា ទិន្នផលផលិតកម្ម បរិមាណលក់ ចំណូល ប្រាក់ចំណេញ និងចំណែកទីផ្សារ ជាពិសេសការកើនឡើងស្តុក។ ដោយចាប់តាំងពីខែឧសភាឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន អ្នកផលិតដែកថែបក្នុងស្រុកជាច្រើនបានរងការខាតបង់ ហើយខ្សែសង្វាក់ផលិតកម្មជាច្រើនត្រូវបញ្ឈប់ប្រតិបត្តិការហើយកម្មករជាច្រើនត្រូវឈប់ពីការងារ។

ជាក់ស្ដែងក្នុងរយៈពេលពីឆ្នាំ ២០១៨ និង ២០១៩ នេះសមត្ថភាពផលិតកម្មអតិបរមាឈរនៅត្រឹមតែ ៦៩.៤% ដោយផលិតកម្មកើនឡើង ១% ហើយបរិមាណលក់ធ្លាក់ចុះ ៥% ។ យ៉ាងណាមិញវិធានដាក់ពន្ធនេះបានចូលជាធរមានជាផ្លូវការហើយនៅថ្ងៃទី ២៤ ខែតុលាឆ្នាំនេះ។ ដោយភាគីពាក់ព័ន្ធអាចដាក់ពាក្យសុំទៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើការស៊ើបអង្កេត និងពិនិត្យឡើងវិញនូវបញ្ហាដែលទាក់ទងនឹងផលិតផល អត្រាពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ ដែលបានអនុវត្តសម្រាប់អ្នកនាំចេញ ឬ អត្រាពន្ធបច្ចុប្បន្នដែលអនុវត្តចំពោះអ្នកផលិតដែកថែប និងអ្នកនាំចេញក្រៅប្រទេសដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មរបស់វៀតណាម៕

អត្ថបទ៖ លីនី