នៅក្នុងឆ្នាំនេះ​ កម្ពុជាផលិត និងការនាំចេញកៅស៊ូកើនឡើងជាងមុន តែតម្លៃបែរជាធ្លាក់ចុះ
សេដ្ឋកិច្ច October 30, 2019 Chan Sreyny

យោងតាមរបាយការណ៍ដែលចេញដោយក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទបានឲ្យដឹងថាផលិតផលជ័រកៅស៊ូ និងការនាំចេញនៅក្នុងនព្វមាស ឆ្នាំ២០១៩ ឬ ក្នុងរយៈពេល ៩​ខែដំបូង ឆ្នាំ២០១៩ នេះមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០១៨ ប៉ុន្តែតម្លៃនៅក្នុងឆ្នាំនេះបែរជាធ្លាក់ចុះ ជាងឆ្នាំ ២០១៨។

នៅក្នុងរបាយការណ៍ដែលចេញដោយក្រសួងបានបង្ហាញថាក្នុងរយៈពេល ៩ខែ ឆ្នាំនេះផលិតផលជ័រកៅស៊ូឈានដល់ចំនួន ១៧៥,២៨១ តោន ដែលបានកើនឡើងចំនួន ៣៥,៨០៧ តោនស្មើនឹង ២៦% ខណៈដែលបរិមាណនៃការនាំចេញមានចំនួន ១៧៣,០៧២​ តោន កើនឡើង ៣២,៧២៥ ស្មើនឹង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ។ ដោយឡែកក្នុងរយៈពេល ៩ខែ តម្លៃកៅស៊ូបានធា្លក់ចុះ ២% បើធៀបទៅនឹងឆ្នាំមុន ដោយតម្លៃទូទៅជាមធ្យម ១,៣៣៥ ដុល្លារក្នុងមួយតោន តែក្នុងឆ្នាំនេះតម្លៃជាមធ្យមរបស់កៅស៊ូមានត្រឹមតែ ១,៣០៣ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។

យ៉ាងណាមិញសូមរំលឹកផងដែរថាកាលពី​ឆ្នាំ​២០១៨​ កម្ពុជា​បាន​នាំ​ចេញ​ជ័រ​កៅស៊ូ​ជាង​ ២១​ម៉ឺន​តោន​ ទៅ​ក្រៅ​ប្រទេស ​ក្នុងនោះការនាំចេញរួមមាន​ទៅ​កាន់​ប្រទេស​ចិន ​វៀតណាម ​សង្ហឹបុរី ​និង​ម៉ាឡេស៊ី ​ដោយ​ទទួល​បាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​៕

អត្ថបទ៖ លីនី