ជើងហោះហើរលើកដំបូងភ្នំពេញ-ដាណាំង ត្រូវបានសម្ពោធផ្លូវការ ខណៈកម្ពុជារំពឹងថានឹងទទួលបានទេសចរច្រើនពីគោលដៅនេះ
សេដ្ឋកិច្ច October 28, 2019 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានសម្ភោធជាផ្លូវការនូវជើងហោះហើរត្រង់ពីភ្នំពេញទៅកាន់ទីក្រុងដាណាំង ដោយការចាប់ផ្ដើមហោះហើរជាលើកដំបូងបង្អស់ ត្រូវបានគេរំពឹងទុកថាកម្ពុជានឹងទទួលបានកំណើនទេសចរបន្ថែមទៀតពីគោលដៅទេសចរណ៍ដ៏ល្បីរបស់ប្រទេសវៀតណាមមួយនេះ។ ការសម្ភោធជាផ្លូវការនេះត្រូវបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិដាណាំងនារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៩ ដោយប្រតិភូកម្ពុជាដឹកនាំដោយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍៥៧នាក់ទៀតផងដែរ។

ជាមួយគ្នានេះដែរការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការតាំងចិត្តយ៉ាងមុះមុត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងផ្នែកពាក់ព័ន្ធ ក្នុងការតភ្ជាប់កម្ពុជាទៅកាន់គោលដៅ និងប្រភពទីផ្សារដ៏មានសក្តានុពលក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារទាំងនោះ និងភ្ញៀវទេសចរពីប្រទេសទីបី។ ព្រមជាមួយគ្នានោះ ក៏បានជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែជិតស្និទ្ធថែមទៀតផង។

អ្វីដែលកាន់តែពិសេសជាងនេះនឹងជួយជំរុញឲ្យកំណើនទេសចរមកកាន់កម្ពុជាកាន់តែច្រើនថែមទៀតដោយសារ ជើងហោះហើរត្រង់នេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ ព្រោះកន្លងមកភ្ញៀវទេសចរដែលចេញពីដាណាំងមកកាន់កម្ពុជា ត្រូវឆ្លងកាត់តាមទីក្រុងហូជីមិញជាមុនសិន ហើយត្រូវចំណាយពេលវេលា និងថវិកាច្រើនរហូតអាចដល់កន្លះថ្ងៃ ឬ ស្ទើរតែមួយថ្ងៃតែម្ដងទើបអាចមកដល់រាជធានីភ្នំពេញបាន ប៉ុន្តែចាប់ពីពេលនេះទៅ ភ្ញៀវទេសចរចំណាយពេលតែ ១ម៉ោង ១០នាទីប៉ុណ្ណោះ។ ទន្ទឹមនឹងនេះនឹងជួយឲ្យការដឹកជញ្ជូនភ្ញៀវពីវៀតណាមមកកាន់កម្ពុជានឹងមានកាន់តែច្រើនឡើង ហើយក៏សង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវបរទេសផ្សេងទៀត ដែលឆ្លងកាត់ខេត្តដាណាំងនេះមកកាន់កម្ពុជាផងដែរ ខណៈដែលភ្ញៀវទេសចរមកពីប្រទេសផ្សេងៗដែលឆ្លងកាត់ខេត្តនេះក៏មានច្រើន។

លើសពីនេះទៅទៀត ក្រៅពីជើងហោះហើរត្រង់នេះ វៀតណាមក៏បានបង្ហាញពីគោលបំណងចង់ឲ្យមានការហោះហើរត្រង់ពីខេត្តដាណាំងនេះ ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀតរបស់កម្ពុជា ដោយសង្ឃឹមថាក្រុមហ៊ុមអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងពង្រីកការហោះហើរត្រង់ទៅកាន់គោលដៅទាំងនោះបន្តបន្ទាប់ទៀត។ ដោយទីក្រុងដាណាំងមានគោលដៅទេសចរណ៍ថ្មីៗ ប្លែកដែលគួរជាទីចាប់អារម្មណ៍ និងទាក់ទាញទេសចរប្រទេសទីបីឲ្យមកកម្សាន្ត ហើយពួកគាត់អាចនឹងបន្តដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ តាមរយៈជើងហោះហើរត្រង់ថ្មីនេះ ដូចជាទេសចរកូរ៉េ ចិន ជប៉ុន និងអឺរ៉ុប។

គួរកត់សម្គាល់ផងដែរថារយៈពេល ៨ខែ នៃឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៤.៣ លាននាក់ កើនឡើង ១០.៤% ក្នុងនោះមានទេសចរវៀតណាមជាង ៥៦ម៉ឺននាក់ កើនឡើង៦.៣% ។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក៏កំពុងផ្តល់ជូននូវតម្លៃពិសេស សម្រាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ខេត្តដាណាំង ក្នុងតម្លៃត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ រហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយមានការហោះហើរ ៥ជើង ក្នុងមួយសប្តាហ៍ដើម្បីចាប់ផ្ដើមដំណើរការជើងហោះហើរនេះឲ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ លីនី