ចំនួនភ្ញៀវទេសចរនៅបន្តតែធ្លាក់ចុះនៅក្នុងខេត្តសៀមរាប ធ្វើឲ្យអាជីវករតូច ធំ និងមគ្គុទេសក៍ទេសចរមានការព្រួយបារម្ភយ៉ាងខ្លាំង
សេដ្ឋកិច្ច October 28, 2019 Chan Sreyny

ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនៅក្នុងខេត្តសៀមរាបកំពុងបង្កក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរ ភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍ និងមគ្គុទេសក៍ទេសចរដែលកំពុងប្រឈមមុខនឹងវិបត្តិ។ ដោយយោងតាមរបាយការណ៍ចុងក្រោយពីសហគ្រាសអង្គរបានបង្ហាញថាចាប់ពីខែមករា មកដល់ខែកញ្ញាចំនួនភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនាប្រាសាទមានចំនួនត្រឹមតែ​ ១.៦ លាននាក់ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ១២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។

ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថាអាជីវករលក់ដូរ មគ្គុទេសក៍ទេសចរកំពុងប្រឈមនៅវិបត្តិហិរញ្ញវត្ថុ ដោយសារតែនៅតាមតំបន់កំសាន្តនានាក្នុងខេត្តសៀមរាប ជាពិសេសតំបន់អង្គរដែលធ្លាប់តែអ៊ូអរ ប្រែមកជាស្ងប់ស្ងាត់ពុំសូវមានភ្ញៀវមកកំសាន្តច្រើនដូចមុន។ មិនតែប៉ុណ្ណោះនៅតាមកន្លែងផ្ដល់សេវាកម្មស្នាក់នៅជាច្រើនដូចជា សណ្ឋាគារ និងផ្ទះសំណាក់កំពុងត្អូញត្អែរពីការធ្លាក់ចុះក្នុងលក់បន្ទប់របស់ខ្លួន រហូតធ្វើឲ្យអ្នកកាន់កាប់ទាំងនោះត្រូវបង្ខុំចិត្តបិទទ្វារថែមទៀតផង។

យ៉ាងណាមិញដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលព្រមទាំងក្រសួងពាក់ព័ន្ធកំពុងដុតដៃ ដុតជើង ដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ ដោយក្រសួងបានរៀបចំផែនការមេដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីនៅខេត្តសៀមរាប ព្រមទាំងធ្វើការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដើម្បីកៀងគរភ្ញៀវទេសចរមកពីបណ្ដាគ្រប់ទិសទីបន្ថែមទៀតតាមដែលអាចធ្វើបាន។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនប្រាសាទអង្គរវត្តទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២.៥ លាននាក់ដែលរកចំណូលបាន ១១៦ លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី