ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថាខ្លួននឹងផ្តល់ថវិកាចំនួន ១.៤៥ ពាន់លានដុល្លារដើម្បីគាំទ្រដល់យុទ្ធសាស្រ្តភាពជាដៃគូក្នុងប្រទេសរយៈពេល ៥ ឆ្នាំ និងជួយឲ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។ ក្រោមយុទ្ធសាស្រ្តឆ្នាំ ២០១៩-២០២៣ ថវិកាដែលផ្ដល់ជូននេះគឺជាជំនួយឥតសំណង និងជាជំនួយបច្ចេកទេសដែលធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដល់ជូនសម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ។
បន្ថែមពីនេះនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវស្ថានភាពរស់នៅក្នុងទីក្រុង និងតាមជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ការអប់រំនិងការអភិវឌ្ឍជំនាញ។ ជាពិសេសគាំទ្រដល់កំណែទម្រង់វិស័យសាធារណៈ និងកែលម្អសមត្ថភាពស្ថាប័ននឹងនៅតែជាស្នូលនៃកម្មវិធីរបស់ ADB ដោយគំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសេវាកម្មសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាបរិយាកាសអាជីវកម្ម។
ជាក់ស្ដែងយុទ្ធសាស្ត្រភាពជាដៃគូប្រទេសថ្មីរបស់ ADB នឹងគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនភាពប្រកួតប្រជែង និងធ្វើពិពិធកម្មប្រភពកំណើនជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបញ្ចូលគ្នាកសាងភាពធន់នឹងអាកាសធាតុ និងការពន្លឿនកំណែទម្រង់អភិបាលកិច្ចផងដែរ។ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើង ៨.០% ជាមធ្យមពីឆ្នាំ ១៩៩៩-២០១៨ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ ហើយប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងពី ២៩០ ដុល្លារក្នុងឆ្នាំ ១៩៩៨ ដល់ ១,៣៨០ ដុល្លារក្នុងឆ្នាំ ២០១៨ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបញ្ហាប្រឈមនៅតែមានរួមទាំងភាពក្រីក្រក្នុងចំណោមគ្រួសារដែលជាស្រ្តីធ្វើឲ្យពួកគេងាយរងគ្រោះជាពិសេសការងារគ្មានសុវត្ថិភាព។ មិនតែប៉ុណ្ណោះកិច្ចគាំពារសង្គមនៅមានកម្រិតនៅឡើយ ហើយការទទួលបាននូវសុខភាព ការអប់រំ និងទិដ្ឋភាពអភិវឌ្ឍមនុស្សដទៃទៀតនៅតែមានភាពផុយស្រួយ ខណៈពេលដែលលទ្ធភាពទទួលបានអនាម័យនៅតែទាបជាងមធ្យមសម្រាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យម។
បន្ថែមពីនេះកម្ពុជាក៏ប្រឈមនឹងបរិយាកាសពាណិជ្ជកម្មពិភពលោកមិនប្រាកដប្រជា និងបង្កើនការប្រកួតប្រជែងនៅក្នុងតំបន់ផងដែរ ដោយការការខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងសេវាកម្ម និងផលិតកម្មត្រូវបានរារាំងដោយកង្វះកម្មករជំនាញ គម្លាតហេដ្ឋារចនាសម្ព័ន្ធ ថាមពលនិងភ័ស្តុភារ និងដំណើរការអាជីវកម្មមិនច្បាស់លាស់។ យ៉ាងណាមិញ លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ ADB ប្រចាំនៅកម្ពុជា បានឲ្យដឹងថា CPS នឹងជួយបង្កើតឱកាសការងារកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជាតាមរយៈការវិនិយោគលើការអប់រំជំនាញ និងការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។ ដោយផ្ដល់ឲ្យប្រជាជនវ័យក្មេងរបស់ប្រទេសកម្ពុជានូវការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទាញយកផលចំណេញពីការច្នៃប្រឌិតថ្មី គឺជាចំណុចសំខាន់នៃយុទ្ធសាស្ត្រភាពជាដៃគូរបស់ប្រទេសយើង។
បន្ថែមពីនេះលោកស្រីបន្តថា៖ « ការលើកកម្ពស់សក្តានុពល និងភាពជាអ្នកដឹកនាំរបស់ស្ត្រីជាពិសេសនៅក្នុងវិស័យសាធារណៈ និងការការពារធនធានធម្មជាតិដ៏ច្រើនរបស់ប្រទេសកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍប្រទេស »។ ជាមួយគ្នានេះធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាថានឹងសម្រេចបាននូវវិបុលភាព, រាប់បញ្ចូលកំណើន, ធន់និងនិរន្តរភាពអាស៊ី និងប៉ាស៊ីហ្វិកស្របពេលដែលការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលុបបំបាត់ភាពក្រីក្រ ដោយកាលពីឆ្នាំ ២០១៨ ធនាគារនេះបានប្តេជ្ញាចិត្តលើប្រាក់កម្ចីថ្មី និងជំនួយឥតសំណងមានចំនួន ២១.៦ ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ លីនី


