ធ្ងន់កហើយ! សហរដ្ឋអាមេរិកផ្អាកការអនុគ្រោះពាណិជ្ជកម្មចំនួន ១.៣ ពាន់លានដុល្លារលើប្រទេសថៃ ដោយសារតែជំលោះមួយបានកើតឡើងកាលពីពេលថ្មីៗនេះ
សេដ្ឋកិច្ច October 28, 2019 Chan Sreyny

សហរដ្ឋអាមេរិកកំពុងផ្អាកការអនុគ្រោះពាណិជ្ជកម្មមួយចំនួនសម្រាប់ប្រទេសថៃជុំវិញការព្រួយបារម្ភអំពីសិទ្ធិកម្មករដោយបន្ថែមឧបសគ្គចំពោះសេដ្ឋកិច្ចដែលកំពុងផ្អែកលើការនាំចេញរបស់ប្រទេសថៃ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្ដី​ថ្លែងការណ៍មួយថាការផ្លាស់ប្ដូរនេះនឹងប៉ះពាល់ដល់ចំណូលពាណិជ្ជកម្មចំនួន ១.៣ ពាន់លាន់ដុល្លាររបស់ប្រទេសថៃ ដោយសារតែប្រទេសនេះមិនបានផ្ដល់សិទ្ធិការពារសេរីភាពក្នុងការបង្កើតសមាគមន៍ និងការចរចាជាសមូហភាព ដោយការព្យួរនេះនឹងមានរយៈពេល ៦ ខែ។

ជាមួយគា្ននេះផងដែរការអនុគ្រោះពន្ធទៅលើផលិតផលគ្រឿងសមុទ្ររបស់ប្រទេសថៃទាំងអស់ក៏ត្រូវបានដកហូតវិញផងដែរ ដោយសារតែបញ្ហាសិទ្ធិកម្មករយូរមកហើយនៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងដឹកជញ្ជូន។ ជាក់ស្ដែងការការផ្លាស់ប្ដូររបស់សហរដ្ឋអាមេរិកកំពុងធ្វើឲ្យចំណងទំនាក់ទំនងជាមួយប្រទេសថៃដែលជាសម្ព័ន្ធមិត្តកាន់តែអាក្រក់ទៅៗ ខណៈដែលចំណុចនេះគឺជាអ្វីដែលរដ្ឋាភិបាលថៃមានការភ័យខ្លាចរងការរិះគន់ពីសហរដ្ឋអាមេរិកជាយូរមកហើយ ចំពោះគោលនយោបាយពាណិជ្ជកម្មលើអតិរេកទំនិញរបស់ប្រទេសនៅអាស៊ី និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់រូបិយប័ណ្ណដែលកំពុងកើនឡើង។

យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋាភិបាលថៃបាននិយាយថា ខ្លួននឹងគូសបញ្ជាក់ការឆ្លើយតបរបស់ខ្លួនចំពោះជំហានរបស់សហរដ្ឋអាមេរិកលើការអនុគ្រោះពាណិជ្ជកម្មនៅឯសន្និសីទខ្លីមួយនៅថ្ងៃច័ន្ទ។ ដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថាការផ្អាកអនុគ្រោះពាណិជ្ជកម្មនឹងផ្តោតលើផលិតផលដែលសហរដ្ឋអាមេរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប៉ុន្តែប្រទេសថៃយល់ឃើញថាការនាំចេញរបស់ខ្លួនមានចំណែកតិចតួចនៃការនាំចូលរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថាជំលោះមួយបានផ្ទុះឡើងចំពោះសេចក្តីសំរេចរបស់ថៃក្នុងការហាមឃាត់សារធាតុគីមីកសិកម្មមួយចំនួនដែលសហរដ្ឋអាមេរិកបាននិយាយថាអាចនឹងប៉ះពាល់ដល់ការនាំចេញកសិកម្មរបស់អាមេរិក។ ដោយកាលពីដើមសប្តាហ៍មុនថៃបានហាមឃាត់សារធាតុគីមីកសិកម្មចំនួន ៣ ប្រភេទគឺ paraquat, glyphosate និង chlorpyrifos លើហានិភ័យដល់សុខភាព ខណៈដែលសហរដ្ឋអាមេរិកបានសរសេរលិខិតទៅលោកប្រាយុទ្ធដើម្បីពិចារណាឡើងវិញនូវបញ្ហានេះ ជុំវិញការរំខានដែលអាចបង្កឲ្យមានការនាំចូលស្បៀងអាហារពីដៃគូពាណិជ្ជកម្ម។

បន្ថែមពីនេះ​សកម្មភាពប្រឆាំងនឹងការនាំចេញគ្រឿងសមុទ្របានកើតឡើងបន្ទាប់ពីប្រទេសថៃបានចាត់វិធានការប្រឆាំងនឹងការរំលោភឧស្សាហកម្មនេសាទដែលជំរុញឲ្យគណៈកម្មការអឺរ៉ុបដកការគំរាមកំហែងនៃការហាមឃាត់ផលិតផលថៃដែលពាក់ព័ន្ធ។ នៅពេលដែលនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាបានរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានច្បាប់ទម្លាប់ក៏ដូចជាការបង្ខំឲ្យធ្វើការ ដោយនាំឲ្យអង្គភាពពាណិជ្ជកម្មក្នុងស្រុកត្អូញត្អែរថាច្បាប់នេះបានជំរុញការចំណាយនៅក្នុងឧស្សាហកម្មនាំចេញដែលមានទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារដែលកំពុងដោះស្រាយជាមួយនឹងរូបិយប័ណ្ណដែលកំពុងកើនឡើងផងដែរ។

យ៉ាងណាមិញយោងតាមទិន្នន័យដែលបានបានចងក្រងដោយ Bloomberg បង្ហាញថាសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតទី២ របស់ថៃហើយការនាំចេញមានតម្លៃ ៣១.៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ខណៈដែលពាណិជ្ជកម្មក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរវាងថៃនិងសហរដ្ឋអាមេរិកមានចំនួនសរុប ៤.៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី