ថៃជះលុយជាង ៧ ពាន់លានដុល្លារសាងសង់ផ្លូវដែកល្បឿនលឿន ដែលជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រែក្លាយឆ្នេរសមុទ្រភាគខាងត្បូងទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា
សេដ្ឋកិច្ច October 26, 2019 Chan Sreyny

ប្រទេសថៃនឹងសាងសង់ផ្លូវដែកល្បឿនលឿនភ្ជាប់ព្រលានយន្តហោះចំនួន ៣ ធំៗនៅក្នុងប្រទេស ដែលជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុកដើម្បីប្រែក្លាយឆ្នេរសមុទ្រភាគខាងត្បូងទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា។ កិច្ចព្រមព្រៀងដែលមានទឹកប្រាក់ ៧.៤ ពាន់លានដុល្លារដើម្បីចាប់ផ្តើមសាងសង់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែតុលារវាងតំណាងរដ្ឋាភិបាលថៃ និងសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយក្រុមហ៊ុន Charoen Pokphand Holding Co. (CP Group) នៃប្រទេសថៃ និងមានក្រុមហ៊ុនសាជីវកម្ម China Railway Construction Corporation Limited (CRCC) ផងដែរ។

សម្រាប់គម្រោងផ្លូវដែកល្បឿនលឿននេះមានចម្ងាយ ២២០ គីឡូម៉ែត្រដោយតភ្ជាប់អាកាសយានដ្ឋានសុវណ្ណភូមិ និងដុនមឿងក្នុងទីក្រុងបាងកក ទៅអាកាសយានដ្ឋានអ៊ូតាប៉ាវរបស់ប៉ាតាយ៉ា ហើយក៏នឹងក្លាយជាផ្លូវតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) ផងដែរ ដែលអាចឲ្យរថភ្លើងធ្វើដំណើរបានរហូតដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ថែមពីនេះសាងសង់នឹងប្រើរយៈពេលពី ១២ ទៅ ២៤ ខែ ដោយធនាគារជប៉ុនមួយចំនួនបានយល់ព្រមផ្តល់ហិរញ្ញប្បទានមួយផ្នែកសម្រាប់គម្រោងនេះ ហើយរដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួន ១១៧ ពាន់លានបាតសម្រាប់ការវិនិយោគ ខណៈវិស័យឯកជននឹងវិនិយោគទឹកប្រាក់ចំនួន ១១៧ ពាន់លានបាត៕

អត្ថបទ៖ លីនី