ឥណ្ឌូនេស៊ី៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានយល់ព្រមផ្ដល់ប្រាក់កម្ចី ១០០ លានដុល្លារដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីជួយជំរុញការវិនិយោគរបស់ឯកជនក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ប្រាក់កម្ចីនេះនឹងជួយកៀងគរការវិនិយោគក្នុងវិស័យឯកជន ដើម្បីអភិវឌ្ឍនិងផ្ដល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការបំផុត នេះបើយោងតាមលោក Winfried F. Wicklein នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅឥណ្ឌូនេស៊ី។
ទន្ទឹមនឹងនេះជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនឹងជួយកាត់បន្ថយគម្លាតហិរញ្ញប្បទាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយជួយបង្កើនគុណភាព និងស្តង់ដានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ខណៈដែលគម្លាតហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ីនៅតែមានសារៈសំខាន់ ដោយតម្រូវការវិនិយោគប្រចាំឆ្នាំមានចំនួនជាង ៧០ លានដុល្លារ។
គួរបញ្ជាក់ផងដែរថាការពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគឺ ជាអាទិភាពអភិវឌ្ឍន៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយកាលពីខែឧសភា ឆ្នាំនេះ ធនាគារអភវឌ្ឍន៍អាស៊ីបានផ្ដល់ប្រាក់ចំនួន ២.៦ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រទេសឥណ្ឌូនេស៊ីជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៕

អត្ថបទ៖ លីនី


