យោងតាមក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានឲ្យដឹងថាក្រុមហ៊ុនចិន BaMin Agriculture Hi-Tech Development (Cambodia) Co., Ltd ដែលបានបោះទុនវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក នឹងពង្រីកផែនការវិនិយោគដោយបង្កើតសួនឧស្សាហកម្មសម្រាប់កែច្នៃផ្លែស្វាយ និងផ្លែឈើផ្សេងទៀតដើម្បីនាំចេញទៅទីផ្សារអន្តរជាតិលើផ្ទៃដីជាង ៩ ហិកតានៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរលោក Zhirong Zhu ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបានលើកឡើងពីគម្រោងថា៖ « មជ្ឈមណ្ឌលនេះនឹងមានឃ្លាំងស្តុកផលិតផលកសិកម្មដែលជាវត្ថុធាតុដើម កន្លែងលាងសម្អាត សម្រាប់សត្វល្អិតចង្រៃ រោងចក្រកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកត្រជាក់ និងមន្ទីរពិសោធន៍។ ក្នុងនោះផងដែរក្រុមហ៊ុននឹងចាប់ផ្ដើមនៅជំហានទី១ នៃគម្រោងដោយការសាងសង់រោងចក្រកែច្នៃដំណាប់ស្វាយដែលនឹងចាប់ផ្ដើមនាចុងឆ្នាំនេះ ហើយរំពឹងថានឹងអាចបញ្ចប់កាសាងសង់ និងដំណើរការនាពាក់កណ្ដាលឆ្នាំ ២០២០។
បន្ថែមពីនេះទៅទៀតដើម្បីធានាខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រកែច្នៃដំណាប់ស្វាយដំណើរការដោយរលូន ក្រុមហ៊ុនបាននិងកំពុងសហការជាមួយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មក្នុងការចុះកិច្ចសន្យាជាមួយអ្នកដាំស្វាយលើផ្ទៃដីប្រមាណ ១ ម៉ឺនហិកតារួចមកហើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BaMin Agriculture Hi-Tech Development (Cambodia) Co., Ltd បានបង្កើតរោងចក្រផលិតថ្នាំកសិកម្មនិងជីកសិកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនាឆ្នាំ២០១៧ ដោយផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ការផលិត និងការផ្គត់ផ្គង់ជីបំប៉ននិងថ្នាំជំរុញការលូតលាស់ ដោយយកអ្នកឯកទេសពីប្រទេសចិនមកបង្រៀនដល់ការប្រើប្រាស់ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពដល់ដំណាំ៕



អត្ថបទ៖ លីនី


