ចិន​គ្រោងបោះទុន ៣០ លានដុល្លារអាមេរិក ដាំចេកលើផ្ទៃដីប្រមាណ ១៥០០ ហិកតានៅស្រុកខ្មែរ
សេដ្ឋកិច្ច October 24, 2019 Chan Sreyny

ក្រុមហ៊ុនវិនិយោគិនចិននៃទីក្រុងប៉េកាំងចាប់អារម្មណ៍ និងគ្រោងបោះទុនវិនិយោគប្រមាណ ៣០ លានដុល្លារអាមេរិកដើម្បីធ្វើការដាំដុះដំណាំចេកអំបូវលឿងនៅលើផ្ទៃដីប្រមាណ ១៥០០ ហិកតា។ គោលបំណងនៃការវិនិយោគនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងឯកឧត្តម Li Zhijun អគ្គនាយកនៃមន្ទីរកសិកម្ម និងកិច្ចការជនបទក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

យ៉ាងណាមិញដោយសារតែតម្រូវការផលិតផលកសិកម្មពីកម្ពុជានៅប្រទេសចិនកំពុងមានការកើនឡើង ជាក់ស្ដែងដូចជាដំណាំចេកអំបូងលឿងជាដើមកំពុងមានតម្រូវការយ៉ាងខ្លាំង។ ដូច្នេះដើម្បីឲ្យការផ្គត់ផ្គង់ចេកពីប្រទេសកម្ពុជានៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងប៉េកាំងកាន់តែមានប្រសិទ្ធិភាព​ គុណភាពផងនោះក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំងកំពុងធ្វើការសិក្សា រៀបចំផែនការវិនិយោគតម្លៃជាង ៣០ លានដុល្លារអាមេរិកដើម្បីធ្វើការដាំដុះដំណាំចេកអំបូងលឿងនៅកម្ពុជា លើផ្ទៃដីជាង១៥០០ហិកតានាពេលអនាគត។

បច្ចុប្បន្ននេះមន្ត្រីជំនាញផ្នែកបច្ចេកទេសកសិកម្ម និងអភិវឌ្ឍន៍ជនបទក្រុងប៉េកាំងបានបំពេញបេសកកម្មរយៈពេល៦ ខែនៅកម្ពុជា ក្នុងគោលបំណងសម្របសម្រួលជាមួយសហគ្រាសដែលកំពុងវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា និងដើម្បីសិក្សាពីលទ្ធផលដែលអាចវិនិយោគដំណាំចេកអំបូងលឿងផងដែរ។ ពាក់ព័ន្ធនឹងផែនការវិនិយោគរបស់ក្រុមហ៊ុន CAG ឯកឧត្តម ងិន ឆាយ បានបញ្ជាក់ថា ការងារនេះពិតជាសមស្រប និងសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ពីព្រោះវិស័យកសិកម្មកម្ពុជា គឺមានសក្តានុពលខ្ពស់។

មួយវិញទៀតផែនការវិនិយោគនេះស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាក្នុងការជំរុញការធ្វើកសិកម្មទំនើប ការកែច្នៃ ការវេចខ្ចប់ និងនាំចេញផលិតផលកសិកម្មកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ។ គួរបញ្ជាក់ផងដែរតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាគិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ការនាំចេញផ្លែចែកពីកម្ពុជាមានចំនួន ១១៥,២២៣ តោនទៅកាន់ទីផ្សារប្រទេសចិន វៀតណាម និងជប៉ុន៕

អត្ថបទ៖ លីនី