វៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់នៅទ្វីបអាស៊ី ដោយការវិនិយោគផ្ទាល់ពីបរទេសកើនឡើងលើស ២៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ
សេដ្ឋកិច្ច October 24, 2019 Chan Sreyny

យោងតាមអ្នកជំនាញបានឲ្យដឹងថាចំពេលភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិនកើនឡើងប្រទេសវៀតណាមត្រូវបានគេរំពឹងថា​នឹងក្លាយជាទិសដៅដ៏សំខាន់មួយរបស់អាស៊ីសម្រាប់វិនិយោគិនបរទេស ដោយសារទីតាំង គោលនយោបាយ និងធនធានមនុស្ស។ ថ្លែងនៅក្នុងសន្និសីទវិស្វកម្មអន្តរជាតិលើកទី៧ និងការតាំងពិព័រណ៍ នៅទីក្រុងហាណូយឆ្នាំ​ ២០១៩ លោក Tee Boon Teong អគ្គនាយកក្រុមហ៊ុន Informa Markets នៅប្រទេសវៀតណាមបានកត់សម្គាល់ថាការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសវៀតណាមបានកើនឡើងលើស ២៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈប្រាំបួនខែដំបូងនៃឆ្នាំនេះ។

ដោយតួលេខនេះបានបង្ហាញ​ថាវៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងទ្វីបអាស៊ី និងជាទិសដៅនៃជម្រើសសម្រាប់ក្រុមហ៊ុនពហុជាតិចំពេលមានការផ្លាស់ប្ដូរការវិនិយោគ និងការពង្រីកផលិតកម្មដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលអូសបន្លាយពេល។ ជាមួយគ្នានេះដែរនាយកប្រតិបត្តិនៃសេដ្ឋកិច្ចសកល និងស្រាវជ្រាវទីផ្សារនៅធនាគារ United Overseas Bank (UOB) របស់ប្រទេសសិង្ហបុរីបាននិយាយថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាទីផ្សារ​ដ៏សំខាន់មួយសម្រាប់អាជីវកម្មជាច្រើនរួមទាំងក្រុមហ៊ុនដូចជា (UOB)។

ដោយឡែកលោក Hans Kerstens ប្រធានផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន DEEP C Industrial Zone ប្រទេសវៀតណាមបាននិយាយថា វៀតណាមគឺជាទីផ្សារបើកចំហធំបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសសិង្ហបុរីខណៈដែលប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគីជាច្រើន។ ទាំងនេះ គឺជាគុណសម្បត្តិមួយដែលវៀតណាមមានដើម្បីទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដោយរួមចំណែកធ្វើឲ្យប្រទេសក្លាយជាមជ្ឈមណ្ឌលផលិតកម្មមួយក្នុងតំបន់៕

អត្ថបទ៖ លីនី