យោងតាមសមាគមន៍នាំចេញអង្ករថៃបានឲ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេព្យាករណ៍ថានឹងមានពី ៨ ទៅ ៨.១ លានតោនក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបនឹងគោលដៅដែលបានកំណត់ទុក ៩ លានតោន។ ជាមួយគ្នានេះការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេសម្លឹងឃើញថាទំនងជាមិនអាចសម្រេចបានតាមគោលដៅនៅក្នុងឆ្នាំនេះនោះទេ ដោយតាមការព្យាករណ៍ គឺទាបជាងបរិមាណនាំចេញកាលពីឆ្នាំមុនចំនួន ៣.៥ លានតោន។
ទន្ទឹមនឹងនេះក្រុមហ៊ុនក្នុងនាំចេញក្នុងស្រុកជាច្រើនបានរងការខាតបង់ ដោយសារតែតម្លៃប្រាក់បាត ប៉ុន្តែនៅតែបន្តធ្វើពាណិជ្ជកម្មដើម្បីការពារចំណែកទីផ្សាររបស់ពួកគេ។ ជាក់ស្ដែងការនាំចេញអង្ករក្នុងរយៈពេល ៩ ខែដំបូងមានចំនួនសរុប ៥.៩ លានតោន បើទោះបីជាមុននេះសមាគមន៍បានកែប្រែគោលដៅរបស់ខ្លួនសម្រាប់ការនាំចេញប្រចាំឆ្នាំពី ៩.៥ លានតោនមកនៅត្រឹម ៩ លានតោនវិញ ក៏ពិបាកក្នុងការសម្រេចបានគោលដៅ។
គួរបញ្ចាក់ផងដែរថាក្នុងឆ្នាំ ២០១៨ ប្រទេសថៃបាននាំចេញអង្ករចំនួន ១១.០៩ លានតោនទៅបរទេស ដែលធ្លាក់ចុះពីចំនួន ១១.១៧ លានតោនកាលពីឆ្នាំ ២០១៧ ប៉ុន្តែតម្លៃនាំចេញនៅតែបន្តកើនឡើង ៨.៣% ស្មើនឹង ៥.៦១ ពាន់លានដុល្លារអាមេរិក។ ដោយតម្លៃនាំចេញជាមធ្យមចំនួន ៥០៧ ដុល្លារក្នុងមួយតោនកាលពីឆ្នាំ ២០១៨ កើនឡើង ១៤.១% ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី


