7-Eleven នៅប្រទេសជប៉ុននឹងបញ្ឈប់ការបម្រើសេវាកម្ម ២៤ ម៉ោង ដើម្បីដោះស្រាយវិបត្តិការងារ
អាជីវកម្ម October 24, 2019 Chan Sreyny

ក្រុងតូក្យូ៖ ក្រុមហ៊ុន Seven-Eleven Japan Co Ltd បាននិយាយកាលពីថ្ងៃចន្ទថាខ្លួននឹងបញ្ចប់ប្រតិបត្តិការរយៈពេល ២៤ ម៉ោងនៅតាមហាងមួយចំនួន ដោយក្លាយជាហាងងាយស្រួលដំបូងគេក្នុងការកាត់បន្ថយម៉ោងធ្វើការដើម្បីដោះស្រាយវិបត្តិការងារ។ ហាងចំនួន ៨ ទីតាំងនឹងចាប់ផ្តើមកាត់បន្ថយម៉ោងធ្វើការចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា នេះតទៅដោយសារតែការលំបាកមានកាន់តែខ្លាំងៗចំពោះបុគ្គលិកវេនយប់។

ជាមួយគ្នានេះហាងបន្ថែមទៀតក៏អាចកាត់បន្ថយរយៈពេលប្រតិបត្តិការរបស់ពួកគេផងដែរ ដោយហាងចំនួន ២០០ កន្លែងក្នុងចំណោមហាងសរុបចំនួន ២១,០០០ ទូទាំងប្រទេស បច្ចុប្បន្នកំពុងព្យាយាមសាកល្បងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនក្នុងរយៈពេលខ្លីជាងនេះ។ លោក Fumihiko Nagamatsu ប្រធានក្រុមហ៊ុន Seven-Eleven ជប៉ុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ” យើងនឹងពិភាក្សាជាមួយម្ចាស់ហាងស្របតាមគោលការណ៍ណែនាំថ្មីរបស់យើង។ ពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវកាត់បន្ថយរយៈពេលប្រតិបត្តិការ ឬ យ៉ាងណា?”។ បន្ថែមពីនេះលោកបានបន្តថា “ ប្រតិបត្ដិការ ២៤ ម៉ោងអាចធ្វើទៅបានប្រសិនបើមានតម្រូវការពីអតិថិជន។ ប៉ុន្តែហាងខ្លះមិនអាចធ្វើបានទេទោះបីពួកគេចង់ធ្វើយ៉ាងណាក៏ដោយ ដោយសារតែកង្វះកម្លាំងពលកម្ម” ។

គួររំលឹកផងដែរថាហាងដែលផ្ដល់ភាពងាយស្រួលដ៏ធំបំផុតរបស់ជប៉ុន Seven-Eleven បានណែនាំអាជីវកម្មមួយចំនួនរបស់ខ្លួនដោយផ្ដល់នូវសេវាកម្ម ២៤ ម៉ោងក្នុងឆ្នាំ ១៩៧៥។ ដោយប្រតិបត្តិការនៅពេលយប់មានគោលបំណងធ្វើឲ្យប្រសិទ្ធភាពប្រសើរឡើងជាងមុន​ ដូចជាការបញ្ចូលស្តុក និងបំពេញផលិតផលនៅតាមធ្នើតាំងនៅពេលយប់ជាដើម។ ប៉ុន្តែក្រុមហ៊ុន Seven-Eleven ជប៉ុនបានសម្រេចចិត្តសាកល្បងកាត់បន្ថយប្រតិបត្តិការរបស់ខ្លួន មករយៈពេលខ្លីជាងនេះ បន្ទាប់ពីម្ចាស់សាខាមួយនៅទីក្រុងអូសាកា បានបង្កឲ្យមានភាពចម្រូងចម្រាសដោយនិយាយថាគាត់បានកាត់បន្ថយម៉ោងធ្វើការនៅឯហាងរបស់គាត់ ដោយមិនបានទទួលការយល់ព្រមពីម្ចាស់យីហោនេះដោយសារតែកង្វះកម្លាំងពលកម្ម។

ទន្ទឹមនឹងនេះក្នុងចំណោមហាងលក់ទំនិញធំៗ ដទៃទៀតដូចជាហាង FamilyMart Co បាននិយាយថាហាងចំនួន ៦១២ កន្លែង ឬ ៣.៧% នៃហាងលក់សិទ្ធិយីហោរួមរបស់ខ្លួនក៏កំពុងព្យាយាមធ្វើការសាកល្បងកាត់បន្ថយម៉ោងប្រតិបត្តិការរយៈពេលខ្លីផងដែរ។ ដោយក្រុមហ៊ុននឹងសម្រេចចិត្តថាតើត្រូវបញ្ចប់ប្រតិបត្តិការរយៈពេល ២៤ ម៉ោងរបស់ខ្លួនបន្ទាប់ពីការកាត់ក្តីចប់ ឬក៏អត់?។ ជាក់ស្ដែងបច្ចុប្បន្នហាងប្រហែល ១០០ សាខារបស់ FamilyMart Co ឈប់ដំណើរការពេញមួយយប់ ដោយសារកិច្ចសន្យាជាមួយម្ចាស់សិទ្ធិអាជីវកម្មមិនតម្រូវឲ្យបើកក្នុងរយៈពេល ២៤ ម៉ោង។ ទោះយ៉ាងណាដើម្បីកាត់បន្ថយកង្វះខាតកម្លាំងពលកម្មក្រុមហ៊ុនបានសម្រេចបិទហាងប្រមាណ ១០០ កន្លែងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនៅឆ្នាំក្រោយនេះផងដែរ៕

អត្ថបទ៖ លីនី