លោក Ray Kroc កើតនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩០២ នៅរដ្ឋ Illinois សហរដ្ឋអាមេរិក ដោយសារកើតនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងគាត់បានផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតរបស់គាត់នៅអាយុ ១៥ ដើម្បីទទួលបានការងារជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់របស់កាកបាទក្រហមក្នុងអំឡុងសង្គ្រាមលោកលើកទី១។ ប៉ុន្តែនៅពេលដែលសង្គ្រាមត្រូវបានបញ្ចប់ Kroc បានឈប់ធ្វើជាអ្នកបើកបរហើយចាប់ផ្ដើមលក់ែវក្រដាស។
បន្ទាប់ពីធ្វើការអស់រយៈពេលពីរបីឆ្នាំមក គាត់បានចាប់ផ្ដើមអាជីពថ្មីជាអ្នកលេងព្យាណូនៅក្នុងស្ថានីយ៍វិទ្យុក្នុងស្រុកមួយ គាត់បានចំណាយពេលជិត ២៥ ឆ្នាំដើម្បីធ្វើការនិងផ្លាស់ប្ដូរជីវិតរបស់ខ្លួន។ ក្រោយមកបន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ Kroc បានចាប់ផ្ដើមលក់ម៉ាស៊ីនក្រឡុកទៅកាន់ភោជនីយដ្ឋាន ហើយពីរបីឆ្នាំក្រោយមកបន្ទាប់ពីឈប់លក់ម៉ាស៊ីន គាត់បានវិភាគទៅលើការលក់របស់គាត់ ហើយបានសម្គាល់ឃើញថាភោជនីយដ្ឋានមួយនៅរដ្ឋកាលីហ្វ័រញ៉ាបានទិញម៉ាស៊ីនរបស់គាត់រហូតដល់ ៦ គ្រឿង។
Kroc មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងនេះក៏ទៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីមើលពីរបៀបនៃការលក់ដូររបស់ហាងនោះ។ នៅពេលទៅដល់គាត់បានឃើញហាងដ៏តូចមួយ តែមានមនុស្សជាច្រើនបានតម្រង់ជួរនៅទីនោះ ចាប់តាំងពីគាត់លក់ម៉ាស៊ីនទៅកាន់ហាងជាច្រើនកន្លងមក គាត់មិនដែលឃើញហាងណាមានមនុស្សតម្រង់ជួរចាំទិញអាហារច្រើនបែបនេះនោះទេ។ kroc បានសួរទៅកាន់បុរសម្នាក់ដែលឈរនៅក្នុងជួរតើមានអ្វីដែលពិសេសនៅក្នុងហាងនេះ ហេតុអ្វីបានជាមនុស្សជាច្រើនសុខចិត្តឈរតម្រង់ជួរដូច្នេះ? បុរសនោះបានឆ្លើយថានៅទីនេះអ្នកអាចទទួលបានប៊ឺហ្គឺដ៏ឆ្ងាញ់ដែលរងចាំត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ហើយអ្នកនឹងមានពេលច្រើនសម្រាប់ការកម្ម៉ង់ដោយមិនចាំបាច់រង់ចាំយូរ។

Kroc បានរកឃើញថាគំនិតរបស់បងប្អូនប្រុស McDonald ល្អណាស់ ហើយគាត់បានចូលទៅខាងក្នុង និងបានស្គាល់ភោជនីយដ្ឋានដែលបង្កើតឡើងដោយបងប្អូនពីរនាក់គឺ Richard និង Maurice McDonald ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៤០ តែមិនទទួលជោគជ័យច្រើនទេ។ បន្ទាប់ពី ៨ឆ្នាំក្រោយមកក្នុងឆ្នាំ ១៩៤៨ នៅពេលពួកគេបានចាប់ផ្ដើមកំណត់យកអាហារប្រមាណ ៤ ទៅ ៥ ប្រភេទ បន្ទាប់មកពួកគេចាប់ផ្តើមទទួលបានជោគជ័យចាប់តាំងពីពួកគេចាប់ផ្តើមលក់ប៊ឺហ្គឺរ និងអាហាររហ័ស។
ហើយក្នុងអំឡុងពេលនោះដោយសារតែការប្រើម៉ាស៊ីនបានចាប់ផ្ដើមឡើង ហើយប្រជាជនមានទម្លាប់សន្សំសំចៃពេលវេលាច្រើន ដែលជាហេតុធ្វើឲ្យប្រជាជននៅទីនោះពេញចិត្តហាងរបស់ពួកគេយ៉ាងខ្លាំង។ យ៉ាងណាមិញបន្ទាប់ពីដឹងរឿងរ៉ាវទាំងអស់នេះ និងបានជួបជាមួយបងប្អូនប្រុស McDonald លោក Kroc បាននិយាយចរចាពីសិទ្ធិអាជីវកម្មពីភោជនីយដ្ឋាននោះសម្រាប់គាត់។ បន្ទាប់មកបងប្អូនរបស់ McDonald ក៏បានទទួលយក kroc និងបានលក់ Franchise ទៅឲ្យគាត់នៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ១៩៥៥ ហើយសាខារបស់ McDonald ដំបូងក៏បានបើកនៅទីក្រុងនៃ des plaines នៅរដ្ឋ Illinois ហើយដោយសារតែសេវាកម្មល្អ ជាមួយនឹងតម្លៃទាប និងការដឹកជញ្ជូនលឿនភោជនីយដ្ឋានក៏ដំណើរការដោយជោគជ័យ។

ក្រោយមក Kroc បាននិយាយចរចាអំពីការទទួលបានសិទ្ធិធ្វើអាជីវកម្មបន្ថែមទៀតពីបងប្អូនរបស់ McDonald ដើម្បីឲ្យ McDonald អាចពង្រីកសេវាកម្មពាសពេញទីក្រុង ប៉ុន្តែបងប្អូនរបស់ McDonald បានបដិសេធដោយនិយាយថាពួកគេមានលុយគ្រប់គ្រាន់ហើយពួកគេមិនចង់ធ្វើការបន្ថែមទៀតទេ តែប្រសិនបើអ្នកចង់ពង្រីកសាខាខ្លាំងដល់ថ្នាក់នេះ អ្នកអាចទិញក្រុមហ៊ុននេះបានហើយដំណើរការវាឲ្យបានល្អចុះ។ Kroc បានមើលឃើញអនាគតភ្លឺស្វាងរបស់គាត់នៅក្នុងម៉ាក McDonald ហើយដូច្នេះគាត់បានបន្ថែមប្រាក់មួយចំនួនទិញក្រុមហ៊ុនផ្ដាច់មុខ បន្ទាប់ពីការទិញ Franchise នៅឆ្នាំ ១៩៦១។ បន្ទាប់មកដោយសារការខិតខំប្រឹងប្រែង ចំណង់ចំណូលចិត្ត និងសេវាកម្មល្អរបស់ Kroc ធ្វើឲ្យភោជនីយដ្ឋានរបស់គាត់រីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះគាត់បានផ្តល់សិទ្ធិផ្តាច់មុខនៅក្នុងប្រទេសដទៃទៀត រួមទាំងក្នុងប្រទេសរបស់ខ្លួនផងដែរ។

Kroc បានបង្កើតស្តង់ដារដែលភោជនីយដ្ឋានទាំងអស់ត្រូវគោរព និងអនុវត្តតាម ហើយមុនពេលលោកទទួលមរណភាពនៅឆ្នាំ ១៩៨៣ គាត់បានផ្សព្វផ្សាយសិទ្ធិអាជីវកម្មរបស់ក្រុមហ៊ុនដល់ទៅ ៣១ ប្រទេស។ ខណៈដែលយីហោដំបូងគេរបស់ McDonald ត្រូវបានបើកនៅប្រទេសឥណ្ឌានៅថ្ងៃទី ១៣ ខែតុលាឆ្នាំ ១៩៩៦ នៅទីក្រុងញូវដែលី។ ជាក់ស្ដែងសព្វថ្ងៃនេះ McDonald បានបើកដំណើរការជាង ១១៩ ប្រទេសនៅលើពិភពលោក។ ដោយក្នុងមួយថ្ងៃក្រុមហ៊ុននេះលក់បឺហ្គឺប្រហែល ១០ លានដុំ និងក្នុងមួយថ្ងៃមនុស្ស ៧០ លាននាក់បានមកកាន់ហាងនេះជារៀងរាល់ថ្ងៃ។
ដោយឡែកប្រាក់ចំណេញរបស់ក្រុមហ៊ុនមានសភាពស្រពិចស្រពិលនាពេលបច្ចុប្បន្ននេះ ប៉ុន្តែអ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថាក្រុមហ៊ុនធំបែបនេះបានចាប់ផ្តើមជាមួយភោជនីយដ្ឋានតូចមួយនៅរដ្ឋកាលីហ្វ័រញ៉ាដែលត្រូវបានបង្កើតឡើងដោយលោក Richard និង Maurice McDonald នៅឆ្នាំ ១៩៤០ ប៉ុន្តែភាពជោគជ័យរបស់ McDonald ទទួលបានកេរ្តិ៍ឈ្មោះពេញលេញសម្រាប់លោក Ray Kroc ទៅវិញ។ ដូច្នេះតាមរយៈខ្សែជីវិត និងការតស៊ូរបស់លោក Ray Kroc ដែលជាក្មេងប្រុសក្រីក្រ នៅផ្ទះរៀនពីការខិតខំប្រឹងប្រែង និងធ្វើតាមចំណង់ចំណូលចិត្ត និងការលះបង់របស់គាត់បានបង្ហាញថាប្រសិនបើអ្នកមានបំណងចង់ធ្វើអ្វីមួយ គ្មានអ្វីដែលមិនអាចទៅរួចទេនៅក្នុងពិភពលោកនេះ៕

អត្ថបទ៖ លីនី


