ក្នុងរយៈពេលជាង ១០ ឆ្នាំមកហើយអាស៊ីបានក្លាយជាទិសដៅដ៏ពេញនិយមសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តសម្រាប់មនុស្សជាច្រើនមកពីជុំវិញពិភពលោក។ ក្រៅពីឆ្នេរខ្សាច់ពណ៌ស វិមានប្រវត្តិសាស្ត្រ និងកេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែប ការថែរក្សាសុខភាពនៅអាស៊ីពេលនេះគឺជាការទាក់ទាញដ៏ធំមួយ ចាប់ពីការវះកាត់ប្តូរភេទ និងវះកាត់កែសម្ផស្សរហូតដល់ការព្យាបាលធ្មេញ និងថ្នាំ botox មនុស្សជាច្រើនងាកទៅរកអាស៊ី។ ប៉ុន្តែអ្វីដែលធ្វើឲ្យអាស៊ីក្លាយជាទិសដៅពេញនិយមបំផុត? ដោយអ្នកខ្លះនិយាយថាកង្វះការព្យាបាលឯកទេសនៅក្នុងប្រទេសកំណើតរបស់ពួកគេ ឬ ថ្លៃដើមនៃការព្យាបាលដែលមានតំលៃសមរម្យនៅអាស៊ី។
ជាក់ស្ដែងក្នុងឆ្នាំ ២០១៧ អ្នកទេសចរផ្នែកវេជ្ជសាស្រ្តប្រមាណមួយលាននាក់បានទៅលេងនៅប្រទេសម៉ាឡេស៊ី និង ៣.៣ លាននាក់បានទៅទស្សនាប្រទេសថៃ។ ហើយប្រទេសឥណ្ឌាក៏មានការកើនឡើងពីភ្ញៀវទេសចរដែលទៅព្យាបាលចំនួន ៤,២៧,០១៤ នាក់ក្នុងឆ្នាំ ២០១៦ និងកើនឡើងដល់ ៤,៩៥,០៥៦ នាក់នៅឆ្នាំ ២០១៧ ។ យ៉ាងណាមិញខាងក្រោមនេះជាប្រទេសអាស៊ីកំពូលៗ សម្រាប់ការព្យាបាលតាមបែបវេជ្ជសាស្ត្រផ្សេងៗគ្នា៖
ប្រទេសថៃពេញនិយមសម្រាប់ការវះកាត់សុដន់ និងការវះកាត់ប្តូរភេទឡើងវិញ ដោយចាប់តាំងពីឆ្នាំ ២០០៣ រដ្ឋាភិបាលថៃបានចាត់វិធានការដើម្បីធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តតាមរយៈ ការផ្តួចផ្តើមគំនិតរបស់មជ្ឈមណ្ឌលថែរក្សាសុខភាពអាស៊ីដ៏ល្អប្រសើរ ហើយឥឡូវនេះមានមន្ទីរពេទ្យចំនួន ៣៧ កន្លែងដែលទទួលស្គាល់ជាផ្លូវការជាមន្ទីរពេទ្យអន្តរជាតិ។ ជាមួយគ្នានេះការសិក្សាឆ្នាំ ២០១៦ របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា អ្នកទេសចរផ្នែកវេជ្ជសាស្ត្រដែលមកលេងប្រទេសថៃទំនងជាអ្នករស់នៅក្នុងតំបន់មេឌីទែរ៉ាណេខាងកើត ឬ ខាងត្បូងឈាងខាងកើត និងអាស៊ីអាគ្នេយ៍។ ទោះយ៉ាងណាអ្វីដែលធ្វើឲ្យប្រទេសនេះក្លាយជាគោលដៅដែលពេញចិត្តបំផុត គឺបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ការយកចិត្តទុកដាក់ខ្ពស់ និងកញ្ចប់ថែទាំដែលមានតម្លៃសមរម្យ។
ប្រទេសឥណ្ឌា គឺជាទិសដៅដែលពេញចិត្តដោយសារតែបច្ចេកវិទ្យាជឿនលឿន ជំនាញវះកាត់ពីគ្រូពេទ្យលំដាប់ពិភពលោក និងការព្យាបាលដែលមានប្រសិទ្ធភាពខ្ពស់។ អ្នកជំងឺធ្វើដំណើរទៅប្រទេសឥណ្ឌាមិនត្រឹមតែសម្រាប់ការព្យាបាលឯកទេស និងការវះកាត់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទៅពិនិត្យសុខភាពផងដែរ។ ខណៈដែលប្រទេសឥណ្ឌាបានធ្វើវិសោធនកម្មច្បាប់ទិដ្ឋាកាអេឡិចត្រូនិកសម្រាប់ប្រទេសចំនួន ១៥០ ក្នុងឆ្នាំ ២០១៦ ដែលធ្វើឲ្យលទ្ធកម្មទិដ្ឋាការងាយស្រួលសម្រាប់ជនបរទេស។ គោលនយោបាយសុខភាពជាតិរបស់ប្រទេសឥណ្ឌាបញ្ជាក់ថារដ្ឋាភិបាលគាំទ្រដល់ទេសចរណ៍ផ្នែកសុខភាព និងចេញទិដ្ឋាការដល់អ្នកដែលរួមដំណើរជាមួយអ្នកជម្ងឺផងដែរ។
ដោយឡែកប្រទេសសិង្ហបុរី គឺជាជំរើសមួយសម្រាប់អ្នកជម្ងឺដែលស្វែងរកទីតាំងទំនើបៗ វេជ្ជបណ្ឌិតដែលមានការបណ្តុះបណ្តាលខ្ពស់ និងការថែរក្សាគុណភាព។ ទោះបីជាវាជាទីក្រុងមួយដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកក៏ដោយ ក៏រដ្ឋនេះមានមន្ទីរពេទ្យជាង ១៥ ដែលផ្គត់ផ្គង់ជូនអ្នកទេសចរផ្នែកវេជ្ជសាស្រ្ត។ ប្រទេសសិង្ហបុរីត្រូវបានគេចាត់ចំណាត់ថ្នាក់ថាជាប្រទេសដែលទាក់ទាញជាងគេក្នុងចំណោមប្រទេសអាស៊ីទាំង ៧ ទាក់ទងនឹង “ បទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺ” ប៉ុន្តែក៏ជាប្រទេសមួយដែលមានភាពទាក់ទាញជាងគេទាក់ទងនឹងការចំណាយក្នុងការព្យាបាលផងដែរ។
ទន្ទឹមនឹងនេះប្រទេសម៉ាឡេស៊ីកំពុងតែបោះជំហានទៅមុខ និងជាទិសដៅដែលពេញចិត្តសម្រាប់ប្រជាជនមកពីបណ្តាប្រទេសអាស៊ីផ្សេងទៀតជាពិសេសប្រទេសឥណ្ឌូនេស៊ី។ ដោយក្នុងចំណោមអ្នកទេសចរផ្នែកវេជ្ជសាស្រ្តចំនួនមួយលាននាក់ដែលបានមកលេងប្រទេសក្នុងឆ្នាំ ២០១៧ មានចំនួន ៦០ ម៉ឺននាក់មកពីប្រទេសឥណ្ឌូនេស៊ី។ យោងតាមក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ីបានកំណត់គោលដៅទេសចរណ៍យ៉ាងតិច ១ លាននាក់មកពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ ២០២០។ ហើយចាប់តាំងពីក្រសួងសុខាភិបាលកំណត់តម្លៃលើមន្ទីរពេទ្យឯកជននៅក្នុងប្រទេសម៉ាឡេស៊ី ការថែរក្សាគុណភាពក្នុងតម្លៃសមរម្យទាក់ទាញអ្នកជំងឺមកពីទូទាំងទ្វីបអាស៊ីនិង ពិភពលោក។
ជាមួយគ្នានេះកូរ៉េខាងត្បូង ជាប្រទេសទទួលបានភាពល្បីល្បាញបំផុតនៅលើពិភពលោកខាងថែរក្សាសម្ផស្ស ប៉ុន្តែមហិច្ឆតារបស់កូរ៉េខាងត្បូងមិនត្រឹមតែវះកាត់កែសម្ផស្សប៉ុណ្ណោះទេ។ យោងតាមក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថាភ្ញៀវទេសចរសុខភាពបរទេសប្រមាណ ៣,៦៤,០០០ នាក់បានមកទស្សនាប្រទេសនេះក្នុងឆ្នាំ ២០១៦ ក្នុងនោះមានអ្នកជម្ងឺមកពីកាណាដា សហរដ្ឋអាមេរិក អេមីរ៉ាត ចិន និងជប៉ុន។ ប្រព័ន្ធថែទាំសុខភាពរបស់កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាល្អបំផុតមួយនៅទ្វីបអាស៊ី និងបានបង្កើតទីផ្សារពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាវេជ្ជសាស្រ្ត ដូច្នេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍សុខភាព រដ្ឋាភិបាលផ្តល់ទិដ្ឋាការពិសេសដល់ទេសចរសុខភាព និងធានារ៉ាប់រងទាំងរបួស និងស្លាប់ដែលបណ្តាលមកពីការព្យាបាល ឬ នីតិវិធីវេជ្ជសាស្ត្រ៕


អត្ថបទ៖ លីនី


