“ក្នុងនាមជាបុរសដែលមានជាងគេបំផុតនៅក្នុងទីបញ្ចុះសពមិនសំខាន់សម្រាប់ខ្ញុំទេ … ចូលគេងនៅពេលយប់និយាយថាយើងបានធ្វើអ្វីដែលអស្ចារ្យ … នោះហើយជាបញ្ហាដែលខ្ញុំគិត។ ” នេះជាពាក្យសម្ដី ស្ថាបនិកក្រុមហ៊ុន Apple ដែលជាសហគ្រិនម្នាក់ក្នុងចំណោមសហគ្រិនជោគជ័យបំផុតនៅលើពិភពលោក។
នៅពេលដែលចាប់កំណើតដំបូង Steve Jobs ត្រូវបានម្ដាយសម្រេចចិត្តដាក់គាត់ចិញ្ចឹមនៅក្នុងកែវដោយសារមើលទៅគាត់មិនដូចទារកធម្មតា។ Jobs បានចូលរៀននៅមហាវិទ្យាល័យតែបានសម្រេចចិត្តបោះបង់ចោលដោយសារតម្លៃសិក្សាថ្លៃពេក។ នៅពេលនោះគាត់មិនមានបន្ទប់សម្រាប់ស្នាក់នៅនោះទេ ដូច្នេះគាត់ត្រូវសម្រាកនៅលើឥដ្ឋពេលយប់ឡើងក្នុងបន្ទប់មិត្តភក្កិគាត់ ហើយ Jobs បានប្ដូរសំបកដបកូកាកូឡាសម្រាប់លុយ ៥ សេនដើម្បីទិញម្ហូប។ ជារៀងរាល់យប់ថ្ងៃអាទិត្យ Steve Jobs ត្រូវដើរជាងមួយគីឡូដីដើម្បីបានទទួលទានអាហារដ៏ឆ្ងាញ់ម្ដងក្នុងមួយសប្ដាហ៍នៅព្រះវិហារ Hare Krishna ។
នៅអាយុ ២០ ឆ្នាំ Steve Jobs និង Steve Wozniak បានចាប់ផ្តើមក្រុមហ៊ុនដ៏តូចនៅក្នុងយានដ្ឋានមួយនៅថ្ងៃទី ១ ខែមេសាឆ្នាំ ១៩៧៦ បន្ទាប់ពី Steve បានឃើញកុំព្យូទ័រមួយដែល Wozniak បានរចនាឡើងសម្រាប់ខ្លួនគាត់។ Jobs បានដាក់ឈ្មោះក្រុមហ៊ុនរបស់ពួកគេថា Apple ដោយសារការចងចាំពីរដូវក្តៅដ៏រីករាយដែលគាត់បានចំណាយពេលធ្វើជាកម្មករចម្ការនៅតំបន់ Oregon ។
ក្រោយមកនៅឆ្នាំនោះអ្នកទាំង ២ បានបង្ហាញផលិតផល Apple I របស់ខ្លួនជាលើកដំបូងនៅឯ Homebrew Computer Club ក្នុងតំបន់ Palo Alto រដ្ឋ California ។ ហាងក្នុងស្រុកមួយបានផ្តល់ការទិញម៉ាស៊ីនចំនួន ៥០ គ្រឿង និងបានផ្តល់ហិរញ្ញប្បទានដល់ផលិតកម្មនេះ ហើយអ្នកទាំងពីរត្រូវលក់ទ្រព្យសម្បត្តិថ្លៃបំផុតរបស់ពួកគេដោយ Jobs បានលក់ឡាន Volkswagen របស់គាត់ ខណៈដែល Wozniak លក់ម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ Hewlett-Packard។
បន្ទាប់មកផលិតផលទី២ របស់ក្រុមហ៊ុនដែលមានឈ្មោះថា Apple II បានក្លាយជាផលិតផលល្បីមួយ ដែលវាត្រូវបានគេចាត់ទុកថាជាកុំព្យូទ័រដែលលក់ដាច់បំផុតនៅទសវត្សឆ្នាំ ១៩៧០ និងដើមទសវត្ស ១៩៨០ ។ ទោះយ៉ាងណានៅឆ្នាំ ១៩៨២ ការលក់របស់ក្រុមហ៊ុនបានរង្គោះរង្គើ ដោយសារត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីកុំព្យូទ័រថ្មីរបស់ក្រុមហ៊ុន IBM ។ ដូច្នេះក្រោយមកក្រុមហ៊ុន Apple Inc បានចាប់ផ្តើមធ្វើការនៅលើម៉ាស៊ីនថ្មីមួយដែលមានឈ្មោះថា Macintosh ឬ Mac ដែល Steve Jobs ជាអ្នកបង្កើត និងគ្រប់គ្រងគម្រោងនេះដោយជំរុញវិស្វករកុំព្យួទ័ររបស់ខ្លួនយ៉ាងខ្លាំង។ កំព្យូទ័រថ្មី Mac ត្រូវបានបង្ហាញក្នុងឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៦ ហើយ Mac ជាជោគជ័យដ៏ធំមួយសម្រាប់គាត់ និងក្រុមហ៊ុន Apple ផងដែរ ។
បន្ទាប់ពីរយៈពេល ១០ឆ្នាំ ដែលចាប់ផ្តើមពីក្មេង ២ នាក់ដែលធ្វើការនៅក្នុងហ្គារ៉ាស កុំព្យូទ័រ Apple បានរីកចម្រើនទៅជាក្រុមហ៊ុនដែលមានទឹកប្រាក់ ២ ពាន់លានដុល្លារដែលមាននិយោជិកជាង ៤០០០ នាក់។ ប៉ុន្តែភាពរីកចម្រើននៅក្នុងក្រុមហ៊ុនត្រូវបានធ្លាក់ចុះនៅពេលដែល Steve Jobs ត្រូវបានដកចេញពីតំណែងរបស់គាត់នៅឆ្នាំ ១៩៨៥ ហេតុដូច្នេះគាត់បានចាកចេញពីក្រុមហ៊ុន។ ប៉ុន្តែវាមិនមែនជារឿងដែលបញ្ចប់ផ្លូវជីវិតរបស់គាត់នោះទេ តែវាជារឿងល្អបំផុតដែលអាចកើតឡើងចំពោះ Jobs ភាពធ្ងន់នៃការទទួលបានជោគជ័យត្រូវបានជំនួសដោយភាពស្រាលនៃការក្លាយជាអ្នកទើបនឹងចាប់ផ្តើមម្តងទៀត ដែលមិនសូវដឹងច្បាស់អំពីអ្វីគ្រប់យ៉ាង ដែលគាត់គិតថាអំឡុងពេលនោះជារយៈពេលច្នៃប្រឌិតបំផុតនៃជីវិតរបស់ខ្លួន ។
Steve Jobs ក៏ជាអតីតប្រធាន និងជានាយកប្រតិបត្តិនៃស្ទូឌីយោជីវចល Pixar ដែលមានភាពពេញនិយមសម្រាប់ការផលិតខ្សែភាពយន្តជីវចលដូចជារឿងប្រឌិត និងរឿងតុក្កតា។ ក្រោយមកក្រុមហ៊ុននេះត្រូវបានទិញដោយស្ទូឌីយោ Walt Disney ក្នុងតម្លៃ ៧.៤ ពាន់លានដុល្លារក្នុងភាគហ៊ុនដែលធ្វើឲ្យ Jobs ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅ Disney ផងដែរ៕
តម្លៃអប់រំ៖ ប្រសិនបើអ្នកគិតថាហត់ អ្នកនឹងហត់ ប្រសិនបើអ្នកគិតថាចុះចាញ់ អ្នកនឹងចាញ់ តែប្រសិនបើអ្នកគិតថាអ្នកនឹងជោគជ័យ អ្នកប្រាកដជាទទួលបានវា។ ដូច្នេះធ្វើអ្វីដែលអ្នកចូលចិត្ត និងស្រលាញ់ ហើយធ្វើការផ្លាស់ប្ដូរដើម្បីប្រយោជន៍ដល់អ្នកដទៃ។





អត្ថបទ៖ លីនី


