ហាងកាហ្វេលំដាប់ថ្នាក់ពិភពលោក Starbucks បានបិទសាខារបស់ខ្លួនចំនួន ៧ កន្លែងជាបណ្តោះអាសន្ននៅក្នុងតំបន់ភាគនិរតីនៃទីក្រុងហាណូយដោយសារទឹកនៅតំបន់នោះមានសារធាតុគីមី styrene (ពុល), ប្រេងសំណល់ និងពពួកបង្កមហារីកដែលគេឲ្យឈ្មោះថា carcinogenic។ ភ្នាក់ងារសេវាកម្មអតិថិជនបាននិយាយនៅថ្ងៃសុក្រនេះថាហាងដែលបិទទ្វារមានទីតាំងនៅស្រុក Cau Giay, Ha Dong និង Nam Tu Liem ដែលទាំងអស់នេះប្រើប្រាស់ទឹកដែលបានមកពីទន្លេ Da ក្នុងខេត្ត Hoa Binh ដោយមិនមានកាលបរិច្ឆេទច្បាស់លាស់ក្នុងការបើកឡើងវិញនោះទេ។
ទន្ទឹមនឹងនេះហាងកាហ្វេធំៗ ផ្សេងទៀតនៅភាគនិរតីនៃទីក្រុងហាណូយនៅតែបើកដំណើរការដដែលដោយសារតែពួកគេកំពុងទទួលបានទឹកស្អាតពីអ្នកផ្គត់ផ្គង់។ ខណៈពេលដែលហាងកាហ្វេ Starbucks ភោជនីយដ្ឋាន និងអាហារដ្ឋានជាច្រើននៅទីក្រុងហាណូយកំពុងព្យាយាមដើម្បីទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយយោងតាមម្ចាស់តូបគុយទាវមួយកន្លែងបានឲ្យដឹងថាគាត់បានចំណាយប្រាក់រាប់ពាន់ដុង (១០០,០០០ ដុង / ៤.៣ ដុល្លារ) ទៅលើទឹកបរិសុទ្ធក្នុងសប្តាហ៍នេះ ព្រោះទឹកម៉ាស៊ីនមានក្លិនមិនល្អហើយមិនអាចយកទៅប្រើប្រាស់សម្រាប់ចម្អិនអាហារបានទេ។ បន្ថែមពីនេះនៅតំបន់ខ្លះតម្លៃទឹកបរិសុទ្ធបានកើនឡើង ២-៣ ដងដោយសារតម្រូវការខ្ពស់ ដោយអគ្គនាយកដ្ឋានទីផ្សារវៀតណាមបានស្នើដល់អាជ្ញាធរក្រុងហាណូយបញ្ឈប់អាជីវករកុំឲ្យទឹកទាំងនោះឡើងថ្លៃខ្លាំងពេក។
ជាមួយគ្នានេះដែរមូលហេតុដែលធ្វើឲ្យទឹកមិនអាចប្រើប្រាស់បាន ដោយសារតែកាលពីថ្ងៃអង្គារសប្តាហ៍មុនមានឡានដឹកទំនិញ ២.៥ តោនត្រូវបានគេមើលឃើញថាបានចាក់ប្រេងចូលទៅក្នុងជ្រោះភ្នំមួយក្នុងខេត្ត Hoa Binh ហើយប្រេងបានរាលដាល និងបំពុលទឹកម៉ាស៊ីនសម្រាប់ប្រជាជនហាណូយប្រហែលមួយលាននាក់។ ក្រោយមកដោយសារការធ្វើតេស្តទឹកដែលមានក្លិនស្អុយដោយអាជ្ញាធរបានរកឃើញថាកម្រិតនៃសារធាតុផ្សំនៃសរីរាង្គដែលត្រូវបានចាត់ថ្នាក់ថាជាមហារីកខ្ពស់ជាងធម្មតា ១.៣ ទៅ ៣.៦ ដង៕

អត្ថបទ៖ លីនី


