យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សម្ព័ន្ធសិទ្ធិអចលនទ្រព្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថាប្រទេសសិង្ហបុរីបានឈរនៅលំដាប់កំពូលនៅតំបន់អាស៊ីម្តងទៀតទាក់ទងនឹងការការពារកម្មសិទ្ធិបញ្ញាចាប់តាំងពីឆ្នាំ ២០១៥ ។ រដ្ឋនៃកោះមួយនេះបានឈានដល់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោកក្នុងសន្ទស្សន៍សិទ្ធិអចលនទ្រព្យអន្តរជាតិ (IPRI) នៅពីក្រោយប្រទេសហ្វាំងឡង់ ស្វីស និងណូវែលហ្សេឡង់។
ជាមួយគ្នានេះដែរអូស្រ្តាលី និងជប៉ុនឈរនៅលំដាប់ទី ៥ និងទី ៦ រៀងៗគ្នា ខណៈដែលសហរដ្ឋអាមេរិកបានផ្លាស់ប្តូរចំណាត់ថ្នាក់របស់ខ្លួនឡើងទៅចំណាត់ថ្នាក់ទី១២ ។ សន្ទស្សន៍នេះត្រូវបានកំណត់ដោយប្រើប្រាស់ទិន្នន័យពីប្រភពផ្លូវការនៅតាមអង្គការអន្តរជាតិផ្សេងៗគ្នា រួមជាមួយនឹងករណីសិក្សាដែលបានចងក្រងដោយក្រុមអ្នកវិភាគ និងអង្គការគោលនយោបាយចំនួន ១១៨ នៅក្នុង ៧២ ប្រទេស ដោយប្រទេសសិង្ហបុរីត្រូវបានដាក់នៅក្នុងចំណោមប្រទេសកំពូលៗ ក្រោមចំណាត់ថ្នាក់ ៣ សំខាន់ៗគឺ សិទ្ធិលើអចលនទ្រព្យ សិទ្ធិលើកម្មសិទ្ធិបញ្ញា និង បែបបទច្បាប់ និងនយោបាយដើម្បីអនុវត្តសិទ្ធិទាំងនេះ។
គួរបញ្ជាក់ផងដែរថាថ្មីៗនេះប្រទេសសិង្ហបុរីបានដាក់ដំណើរការកម្មវិធីចុះបញ្ជីពាណិជ្ជសញ្ញាដំបូងបង្អស់របស់ពិភពលោក ដែលអាចជួយកាត់បន្ថយពេលវេលាដើម្បីធ្វើពាណិជ្ជសញ្ញាបាន ៨០% ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងការស្វែងរករូបភាពក្នុងកំឡុងពេលចុះឈ្មោះ។ បន្ថែមពីនេះទៅទៀតការិយាល័យកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានប្រកាសគំនិតផ្តួចផ្តើមថ្មីក្នុងភាពជាដៃគូជាមួយការិយាល័យកម្មសិទ្ធិបញ្ញាអាស៊ានចំនួន ៨ ផ្សេងទៀត ដើម្បីពន្លឿនការដាក់ពាក្យសុំប៉ាតង់ក្នុងបច្ចេកវិទ្យាដែលកំពុងលេចធ្លោដូចជា Fintech, cyber security និង robotics៕

អត្ថបទ៖ លីនី


