ប្រទេសចិនកំពុងរំកិលចូលទៅកាន់បេះដូងនៃអាស៉ីអាគ្នេយ៍ ដោយបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីនៅចុងឆ្នាំនេះ
សេដ្ឋកិច្ច October 21, 2019 Chan Sreyny

ចិន៖ ប្រទេសចិនគ្រោងនឹងបើកដំណើរការសេវាកម្មដឹកទំនិញពីស៊ីអានរដ្ឋធានីនៃខេត្តសានស៊ី ទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងប្រទេសថៃនៅចុងឆ្នាំនេះ តាមរយៈខ្សែផ្លូវដែកថ្មីមួយរវាងថៃ និងចិនដោយក្រុមហ៊ុនដឹកជញ្ចូនទំនិញនៅកំពង់ផែអន្តរជាតិស៊ីអាន។ ជាមួយគ្នានេះដែរក្រុមហ៊ុននេះនឹងបើកដំណើរការផ្លូវដែកចិន ឬ​ អានឆាង ដែលរត់ពីស៊ីអាន ទៅអឺរ៉ុប និងអាស៊ីកណ្ដាល ខណៈដែលផ្លូវដែកចិន ទៅកាន់អឺរ៉ុបគឺជាយុទ្ធសាស្រ្តរបស់ស៊ីអានក្នុងការកសាងចំណុចចាប់ផ្ដើមថ្មីសម្រាប់ខ្សែក្រវ៉ាត់សេដ្ឋកិច្ចជំនួញសូត្រ។

ទន្ទឹមនឹងនេះសេវាកម្មដឹកទំនិញសម្រាប់អាស៊ីអាគ្នេយ៍នឹងខុសគ្នាពីឆាងអាន ព្រោះវានឹងធ្វើដំណើរក្នុងទិសដៅមួយទៀតពីខាងជើងទៅខាងត្បូងនៃប្រទេសចិន ដោយរថភ្លើងនេះពឹងផ្អែកលើការដឹកជញ្ជូនតាមរយៈផ្លូវគោក និងសមុទ្រ។ ហើយនឹងរត់ពីទីក្រុងនៅឆ្ងាយៗ ដូចជាស៊ីអានទៅកំពង់ផែនានាក្នុងខេត្តក្វាងស៊ី និងដឹកជញ្ជូនទំនិញទៅកប៉ាល់ដែលនឹងធ្វើដំណើរទៅប្រទេសក្នុងតំបន់ដូចជាថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនកំពុងចាប់ផ្តើមគម្រោងដែលគ្របដណ្តប់ទីក្រុងចំនួន ១២ នៅភាគខាងលិចនៃប្រទេសចិនក្នុងនោះមានទីក្រុងស៊ីអាន និងខ្សែដឹកទំនិញថ្មីដែលនឹងបន្ថែមលើគម្រោងផ្លូវដែកល្បឿនលឿនចិន – ថៃដែលកំពុងដំណើរការសាសង់ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣។

គួរបញ្ចាក់ផងដែរថាសេវាកម្មដឹកទំនិញថ្មីនេះនឹងពង្រីកមូលដ្ឋានអតិថិជនរបស់ប្រទេសថៃ ដោយសារចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ជាពិសេសនឹងធ្វើឲ្យប្រសើរឡើងនូវភ័ស្តុភារដែលខ្វះខាត និងជួយជម្រុញពាណិជ្ជកម្មរបស់ប្រទេសចិនថែមទៀត ខណៈពេលដែលសេដ្ឋកិច្ច និងកម្លាំងយោធាដែលកំពុងរីកចម្រើនរបស់ចិនកាន់តែធ្វើឲ្យប្រទេសមួយនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី