គ្រប់ភាពជោគជ័យត្រូវបានអមដោយការលំបាក និងបរាជ័យ ព្រោះគ្មាននរណាម្នាក់កើតមកអស្ចារ្យនោះទេ ប៉ុន្តែដោយការព្យាយាម និងជំនឿរបស់យើងអាចធ្វើឲ្យយើងសម្រេចបាននូវអ្វីដែលយើងចង់បាន។ ប្រសិនបើយើងក្រលេកទៅមើលបុគ្គលល្បីៗនៅលើពិភពលោកនាពេលបច្ចុប្បន្ន ពួកគេប្រឈមមុខនឹងការបរាជ័យ និងឧបសគ្គជាច្រើនមុនពេលក្លាយជាមនុស្សអស្ចារ្យនៅលើពិភពលោកសព្វថ្ងៃនេះ។ ផ្លូវឆ្ពោះទៅរកភាពជោគជ័យគឺជាការប្រកួតប្រជែង ដូច្នេះសំណាងមិនមានសម្រាប់មនុស្សគ្រប់គ្នាទេ! យើងត្រូវតែក្រោកឈរហើយដើរទៅមុខ វាមិនសំខាន់ទេថាពេលណា ឬកន្លែងណាដែលអ្នកចាប់ផ្ដើមធ្វើដំណើរ អ្វីដែលសំខាន់គឺអ្នកមិនដែលដើរចេញពីទិសដៅរបស់អ្នកឡើយ។
ជាក់ស្ដែងលោក Walt Disney ដែលជាអ្នកបង្កើត Mickey Mouse ត្រូវបានបោះបង់ចោលការសិក្សាតាំងពីនៅក្មេង ដោយសារចិត្តចង់ចូលរួមធ្វើជាកងទ័ពតែត្រូវបរាជ័យ។ គាត់ត្រូវបានគេបណ្តេញចេញពីក្រុមនិពន្ធកាសែត ព្រោះតែគាត់ខ្វះការស្រមើលស្រមៃ ហើយគ្មានគំនិតល្អក្នុងការសរសេរ។ ប៉ុន្តែគាត់មិនបណ្ដោយឲ្យខ្លួនគាត់បាក់ទឹកចិត្តដោយការបដិសេធដំបូងនោះឡើយ ហើយគាត់បានបន្តបង្កើតគំនូរជីវចលតួអង្គ Donald Duck និង Goofy។
គាត់ត្រូវបានគេបដិសេធចំនួន ៣០២ ដងមុនពេលគាត់ទទួលបានហិរញ្ញប្បទានសម្រាប់ការបង្កើត Disney World អាចនិយាយបានថានេះជាប្រវត្តិសាស្រ្តមួយ។ ហើយចាប់តាំងពីការបង្កើតរឿង Snow White មកដល់រឿង Frozen រឿងព្រេងនិទានទាំងអស់ និង ស្ទូឌីយោឌីជីថល Disney របស់គាត់បានបង្កើតអនុស្សាវរីយ៍នៅក្នុងវ័យជាកុមារសម្រាប់មនុស្សជំនាន់ក្រោយៗ ដោយបច្ចុប្បន្ន Disney World មានតម្លៃ ៣៥ ពាន់លានដុល្លារ។
តម្លៃអប់រំ៖ តាមរយៈរឿងរ៉ាវដ៏បំផុសគំនិតមួយនេះបង្ហាញថាគ្មានអ្វីដែលមិនអាចទៅរួចទេ ប្រសិនបើ Walt Disney ត្រូវបានបង្កើតឡើងបានទោះបីមានឧបសគ្គច្រើនក៏ដោយ អ្នកក៏អាចធ្វើបានដែរ។ មិនថាអ្នកជួបបរាជ័យប៉ុន្មានដងក្នុងជីវិតទេ សមត្ថភាពក្នុងការក្រោកឈរម្ដងទៀត និងបញ្ចប់ការប្រកួតប្រជែង គឺជាអ្វីដែលធ្វើឲ្យអ្នកក្លាយជាអ្នកឈ្នះ៕



អត្ថបទ៖ លីនី


