មហាសេដ្ឋីលំដាប់ទី៣ លោក Bernard Arnault រកប្រាក់បាន ៥ ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ៤៨ ម៉ោង ធ្វើឲ្យចំនួនទ្រព្យសម្បត្តិសរុបតិចជាងមហាសេដ្ឋី Bill Gates ត្រឹមតែ ៦ ពាន់លានដុល្លារប៉ុណ្ណោះ
បុគ្គលជោគជ័យ October 18, 2019 Chan Sreyny

អ្នកជំនួញជនជាតិបារាំង Bernard Arnault ទើបតែរកចំណូលបានជាង ៥.១ ពាន់លានដុល្លារក្នុងរយៈពេលក្រោម ៤៨ ម៉ោងបន្ទាប់ពីការឡើងថ្លៃភាគហ៊ុនរស់ក្រុមហ៊ុន LVMH របស់គាត់កាលពីសប្ដាហ៍មុន។ យោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា Bernard Arnault គឺជាអ្នកមានបំផុតលំដាប់ទី៣ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណ ៩៩.២ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានប្រមាណជិត ៩៦ ពាន់លានដុល្លារអាមេរិក។

លោក Bernard Arnault គឺជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH Moet Hennessy Louis Vuitton SE ដែលត្រូវបានគេស្គាល់ថា LVMH ដែលជាក្រុមហ៊ុនផលិតទំនិញប្រណិតធំបំផុតនៅលើពិភពលោក ហើយធ្វើឲ្យគាត់ក្លាយជាមនុស្សដែលមានជាងគេបំផុតនៅក្នុងឧស្សាហកម្មម៉ូដ។ ក្រុមហ៊ុន LVMH ដែលទទួលបានប្រាក់ចំណូលជាង ៥៣ បាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចំនួន ៧០ រួមមានក្រុមហ៊ុន Christian Dior, Louis Vuitton, Dom Perignon Champagne, TAG Heuer និង Rimowa ជាដើម។

យោងតាមទីភ្នាក់ងារព័ត៌មាន​ Bloomberg បានរាយការណ៍ថា Arnault បានវ៉ាដាច់មហាសេដ្ឋី Warren Buffett កាលពីខែមីនាក្លាយជាអ្នកមានបំផុតទី ៣ នៅលើពិភពលោក។ ហើយប៉ុន្មានខែក្រោយមកគាត់បានយកឈ្នះស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក្លាយជាអ្នកមានបំផុតទី ២ នៅលើពិភពលោក តែពេលនេះគាត់បានត្រលប់មកលេខ ៣ វិញ។ ដោយឡែកបច្ចុប្បន្ននេះទ្រព្យសម្បត្តិអ្នកជំនួញជនជាតិបារាំងវ័យ ៧០ ឆ្នាំរូបនេះមានចំនួនតិចជាងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos និង Bill Gates បន្តិចប៉ុណ្ណោះ ដោយយោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិរបស់គាត់បច្ចុប្បន្នតាមពីក្រោយ Bill Gates ក្នុងចំនួន ៦ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី